អង្គការយូណេស្កូ សហការជាមួយអង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ កំពុងរៀបចំវេទិកាភាពចម្រុះនៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជាឆ្នាំ២០២៣ ដើម្បីពិភាក្សា ផ្លាស់ប្តូរ និងចែករំលែកវិធីសាស្រ្តប្រកបដោយនវានុវត្តន៍ និងគំនិតផ្តួចផ្តើមក្នុងការទាញយកភាពសម្បូរបែបនៃភាពចម្រុះនៅក្នុងសង្គមរបស់ប្រទេសកម្ពុជា ដើម្បីរួមគ្នាចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស និងសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះ។

ភាពចម្រុះនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា សំដៅទៅលើការផ្សព្វផ្សាយនៃការឆ្លុះបញ្ចាំងនូវការយល់ឃើញផ្សេងគ្នាទាក់ទងនឹងវប្បធម៌ និងសង្គម ស្តីពីបញ្ហា និងទស្សនៈនានា ដែលវាមានសារសំខាន់ណាស់នៅក្នុងបរិបទនៃសារព័ត៌មាន និងកម្មវិធីកិច្ចការនាពេលបច្ចុប្បន្ននេះ ដើម្បីចៀសវាងនូវផ្នត់គំនិតចាស់គំរឹល ការភ័ន្តច្រឡំព័ត៌មាន និងជម្លោះជាដើម។

ជាមួយនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃសង្គមសារព័ត៌មាន និងការកើនឡើងយ៉ាងខ្លាំងនៃសារព័ត៌មានតាមវេទិកាឌីជីថលនា និងអ្នកទទួលព័ត៌មានពេលបច្ចុប្បន្ននេះ បានធ្វើឱ្យសារព័ត៌មានតាមបែបប្រពៃណីចាប់ផ្តើមផ្លាស់ប្តូរ និងវិវត្តន៍ខ្លួនទៅរកបណ្តាញព័ត៌មាថ្មីៗ ដើម្បីបញ្ចេញសំឡេងរបស់ពួកគេ ជាពិសេសនៅក្នុងវេទិកាសាធារណៈ ការបង្ហាញការយល់ឃើញ និងទស្សនៈរបស់ពួកគេ និងការចូលរួមទៅក្នុងការអភិវឌ្ឍប្រទេសជាមួយនឹងគំនិតនវានុវត្តន៍ថ្មីៗ។

នៅក្នុងបរិបទនេះ ទើបអង្គការយូណេស្កូ រៀបចំវេទិការនេះឡើងដើម្បីពិភាក្សា ផ្លាស់ប្តូរ និងចែករំលែកគំនិតផ្តួចផ្តើម និងកម្មវិធីនវានុវត្តន៍នៅក្នុងភាពចម្រុះនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដើម្បីចូលរួមចំណែកទៅក្នុងការអភិវឌ្ឍប្រទេស និងសម្រេចបាននូវគោដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

វេទិការភាពចម្រុះនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជានេះ ផ្តល់នូវឱកាសពិសេសមួយសម្រាប់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងវិជ្ជាជីវៈប្រព័ន្ធផ្សព្វផ្សាយក្នុងការយល់ដឹងកាន់តែប្រសើរឡើងនូវភាពច្រុះ និងលើកកម្ពស់ការបង្កើតមាតិការបស់ពួកគេឱ្យកាន់តែប្រសើរឡើង ដើម្បីពង្រឹងទំនុកចិត្ត និងការរួមចំណែកទៅក្នុងហិរញ្ញវត្ថុប្រព័ន្ធផ្សព្វផ្សាយប្រកបដោយចីរភាព។

នៅក្នុងវេទិកាដែលមានរយៈពេលមួយថ្ងៃពេញនេះ មានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាទាក់ទងនឹងប្រធានបទមួយចំនួន ដែលរួមមានវត្តមានស្រ្តីក្នុងវិស័យសារព័ត៌មាននៅកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយ និងការផ្តល់ព័ត៌មានសមស្របទៅនឹងតម្រូវការរបស់ជនមានពិការភាព ការលើកកម្ពស់សំឡេងក្រុមជនជាតិភាគតិចក្នុងប្រព័ន្ធផ្សព្វផ្សាយ ការប្រើប្រាស់មធ្យោបាយទំនាក់ទំនងចម្រុះដើម្បីផលិតមាតិកាជាប្រយោជន៍សាធារណៈ ជាពិសេសក្នុងចំណោមយុវជន ការកំណត់និយមន័យនៃប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យឌីជីថល និងការសម្លឹងមើលពីអនាគតនៃវិស័យសារព័ត៌មាននៅកម្ពុជា។

សូមបញ្ជាក់ថា វេទិការភាពចម្រុះនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជានាថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយអង្គការយូណេស្កូ ដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិស៊ុយអែត (SIDA) ដែលមានការចូលរួមពីមន្រ្តីរាជការ ប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល ក្រុមជនជាតិភាគតិច ក្រុមប្រជាជនដែលមានពិការភាព ក្រុមស្រឡាញ់ភេទដូចគ្នា និងក្រុមយុវជន ដែលមានចំនួន ១៧០នាក់៕ ដោយ៖ យា ចិន្តាខន្តី, ផ្សាយដោយ៖ កន ចំណាន, រូបភាព៖ អង្គការយូណេស្កូ

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.