កាលពីថ្ងៃចន្ទ ឯកអគ្គរដ្ឋទូតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានមកដល់ប្រទេសអេហ្ស៊ីប ដើម្បីទៅទស្សនាច្រកព្រំដែន Rafah ជាមួយតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានប្រើវេតូប្រឆាំងនឹងដំណោះស្រាយបទឈប់បាញ់របស់ក្រុមប្រឹក្សាសន្តិសុខ។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ដំណើរទស្សនកិច្ចក្រៅផ្លូវការដែលរៀបចំដោយប្រទេសអារ៉ាប់រួម និងអេហ្ស៊ីបនេះ កើតឡើងនៅពេលមានវិបត្តិមនុស្សធម៌កាន់តែខ្លាំងឡើង នៅតំបន់ហ្គាហ្សាដែលមានវិបត្តិដោយសង្រ្គាម ដែលលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានពណ៌នាថាជា “ទីបញ្ចុះសព”។

ឯកអគ្គរដ្ឋទូតប្រហែលដប់នាក់មកពីប្រទេសផ្សេងៗ ដែលក្នុងនោះ រួមមានទាំង រុស្ស៊ី និង ចក្រភពអង់គ្លេសកំពុងចូលរួមក្នុងដំណើរទស្សនកិច្ចនេះ ប៉ុន្តែសហរដ្ឋអាមេរិកបានប្រើវេតូកាលពីថ្ងៃសុក្រ ប្រឆាំងនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ មិនបានបញ្ជូនអ្នកតំណាងឱ្យចូលរួមទេ។ មន្ត្រីក្រសួងការបរទេសអេហ្ស៊ីប បានប្រាប់ប្រេសិតនៅក្នុងសន្និសីទខ្លីមួយបន្ទាប់ពីការមកដល់របស់ពួកគេថា “មិនសមហេតុផលទេ ដែលធ្វើជាខ្វាក់ភ្នែកចំពោះការឈឺចាប់ និងការរងទុក្ខរបស់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សានោះ”៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.