ម្ចាស់ផ្ទះកម្ពុជាបានបន្តយកឈ្នះមេដាយប្រាក់៤គ្រឿង និងមេដាយសំរឹទ្ធ៣គ្រឿងបន្ថែម ដោយកម្ពុជាទទួលបានមេដាយសរុប២១គ្រឿង សម្រាប់ការប្រកួតបញ្ចប់ថ្ងៃទី២ គិតត្រឹមយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៃព្រឹត្តិការណ៍កីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា ថ្មីដ្បិតតែកម្ពុជាពុំទទួលបានមេដាយមាសបន្ថែម ប៉ុន្តែអត្តពលិកកម្ពុជាដណ្តើមមេដាយប្រាក់និងសំរឹទ្ធបន្ថែម៧គ្រឿង ដែលធ្វើ ឱ្យមេដាយសរុបរបស់កម្ពុជាត្រឹម២ថ្ងៃនេះមានចំនួន២១គ្រឿង ហើយចំនួននេះបានកើនឡើងលើសចំនួន ព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំ២០២២កន្លងទៅមានចំនួន១៩គ្រឿង។ លោក ខេស៊ី បាណេត បន្ថែមថា នេះជាលទ្ធផលល្អរបស់កម្ពុជា ហើយបើ ប្រៀបធៀបនឹងប្រទេសដែលចូលរួម គឺកម្ពុជាមានសមត្ថភាពប្រហាក់ប្រហែលនឹងហ្វីលីពីន និងសិង្ហបុរី ប៉ុន្តែពេលប៉ះជាមួយ អត្តពលិកវៀតណាម គឺគេមានគុណភាពល្អដាច់ឆ្ងាយពីអត្តពលិកកម្ពុជា។

ជាមួយគ្នានេះ អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជារូបនេះបានបង្ហាញការកត់សម្គាល់បន្ថែមថា ក្នុងពេលអត្តពលិកកម្ពុជា ជួបជាមួយកីឡាករ កីឡាការិនីវៀតណាម គឺយើងនឹងពិនិត្យមើលលើចំណុចខ្លាំង និងចំណុចខ្សោយទាំងគូប្រជែង ទាំងខ្លួនឯង ដើម្បីហ្វឹកហាត់ត្រៀមបន្ថែម និងការការពារជាដើម។

«អ្វីដែលសំខាន់ តាមរយៈព្រឹត្តិការណ៍នៅកម្ពុជានេះ គឺជាការលើកទឹកចិត្តដល់យុវជនកម្ពុជា ដែលមកពីឃុំវិហារសួគ៌ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល ខេត្តពោធិ៍សាត់ និងមកពីខេត្តកំពង់ឆ្នាំបានចូលរួមប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ដោយពួកគេបាន បង្ហាញក្តីរីករាយជាខ្លាំង»។ លោក ខេស៊ី បាណេត បានបន្ថែម។

ជាការកត់សម្គាល់ ការប្រកួតដែលដំណើរបាន២ថ្ងៃមកនេះ ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍បានលើកឡើងថា ៖«ការប្រកួត រយៈពេល២ថ្ងៃនេះមានភាពរលូន ងាយស្រួល មិនមានបញ្ហាអ្វីកើតឡើងនោះទេ ខណៈបណ្តាប្រទេសដែលចូលរួមទាំងអស់ ក្នុង ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះបានកោតសរសើរកម្ពុជាយើងថា កម្ពុជាអាចគ្រប់គ្រងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ កន្លងទៅប្រកបដោយគុណភាព ដូច្នេះបណ្តាប្រទេសទាំងនោះ បានបោះឆ្នោតឱ្យកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ ហើយបណ្តាប្រទេស នានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្តឱ្យកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ដូចគ្នានេះ នាឆ្នាំក្រោយបន្ថែមទៀត»។

មូលហេតុចម្បងៗ ដែលបណ្តាប្រទេសក្នុងអាស៊ីគ្នេយ៍បន្តគាំទ្របែបនេះ ត្រូវបានលោក ខេស៊ី បាណេត បញ្ជាក់ជូនបន្ថែមថា ដោយសារយើងមានមន្ត្រីបច្ចេកទេស គ្រប់គ្រងការប្រកួតបានល្អ មានអាជ្ញាកណ្តាលប្រកបដោយគុណភាពល្អ មានភាពអព្យាក្រឹត ព្រមទាំងកម្ពុជាទទួលស្វាគមន៍ប្រតិភូ កីឡាករ កីឡាការិនីបរទេសដែលចូលរួមប្រកបដោយភាពកក់ក្តៅ និងសប្បាយរីករាយណាស់។

គួរបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅកម្ពុជា មានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៦-០៩ ខែធ្នូ ដោយមានអត្តពលិក ចូលរួមសរុប ២៧៦នាក់ មកពី៧ប្រទេស៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.