រដ្ឋបាលរាជធានីភ្នំពេញ សូមគាំទ្រ និងលើកទឹកចិត្ដដល់វិស័យឯកជនចូលរួមលើក ស្ទួយសេដ្ឋកិច្ចជាតិ ជាពិសេស ការដាក់តាំងពិព័រណ៍ឧស្សាហកម្ម សំណង់កម្ពុជា-អន្ដរជាតិ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រយៈពេល ០៣ថ្ងៃ ដែលមានក្រុមហ៊ុនជាតិ និង អន្ដរជាតិចំនួន ១៣៣ក្រុមហ៊ុន ដោយមានដាក់តាំងផលិតផល និងសម្ភារបរិក្ខារ ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់ប្រភេទរួមទាំងអចលនទ្រព្យ និងបច្ចេកវិទ្យាទំនើបៗជាង ១០០០ ប្រភេទ និងស្ដង់ ២៣៩ស្តង់ ដើម្បីបង្ហាញពីមោទកភាពរីកចម្រើនវិស័យសំណង់ និងអចលន ទ្រព្យនៅកម្ពុជាផងដែរ។

ឯកឧត្ដម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ផារ៉ា មង្គល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្ដែងការគាំទ្រលើកទឹកទឹចិត្ដបែបនេះ ខណៈលោកអញ្ជើញ ចូលរួមក្នុងពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី១៣ និងសម្ពោធបើកពិធីតាំង ពិព័រណ៍ឧស្សាហកម្ម សំណង់កម្ពុជាអន្ដរជាតិឆ្នាំ២០២៣ របស់សមាគមអ្នកសាងសង់ កម្ពុជានៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។

ឯកឧត្ដម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្ដ ចំពោះការរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់អន្តរជាតិនេះឡើង គឺដើម្បី ជួយដល់ការផ្សព្វផ្សាយពីការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា នៅ អាណត្តិទី៧ នៃរដ្ឋសភា និងក៏ជាដំណាក់ការចាប់ផ្តើម នៃការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ មិនត្រឹមតែ ប៉ុណ្ណោះ ក្រសួងដែនដីនគរូបណីយកម្ម និងសំណង់ ក៏បានចាត់ទុកសមាគមជាវិស័យឯកជន និងជាដៃគូសម្រាប់ពិភាក្សាការងារក្នុងការអភិវឌ្ឍ វិស័យសំណង់និងអចលនទ្រព្យនៅ កម្ពុជាថែមទៀតផង។ រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមអរគុណអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជាដែលបានខិតខំកៀរគរសមាជិក១៣៣ក្រុមហ៊ុនចូលរួម។

ឯកឧត្ដម ផារ៉ា មង្គល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា តាមរយៈពិធីនេះ និងបានឆ្លុះបញ្ចាំងនូវភាពជោគជ័យទាំងការងារសហ ប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិការងាររួមចំណែកអភិវឌ្ឍន៍សង្គមជាតិ លើវិស័យ សំណង់តាមរយៈ ការចូលរួមសហការគោរព និងអនុវត្តន៍តាមគោលនយោបាយ របស់ រាជរដ្ឋាភិបាល ច្បាប់ បទប្បញ្ញត្តិបច្ចេកទេស និងការជួយផ្សព្វផ្សាយអំពីការរីក ចម្រើនការ អភិវឌ្ឍសក្តានុពល និងកាលានុវត្តភាពនៃការវិនិយោគលើវិស័យ សំណង់នៅកម្ពុជា។

ឯកឧត្ដមមានសង្ឃឹមថា កម្មវិធីជួបជុំនេះ នឹងផ្តល់ឱកាសដល់អ្នកវិនិយោគក្នុងស្រុក និងក្រៅប្រទេស ដើម្បីបង្កើត និងបង្កើនភាពជាដៃគូជាមួយគ្នាក្នុងការបណ្តាក់ទុនវិនិយោគ ឬធ្វើជាដៃគូអភិវឌ្ឍន៍នៅកម្ពុជា។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានបញ្ជាក់ផងដែរថា នេះជាឆ្នាំទី១៣ហើយ ដែលសមាគមបានរៀបចំមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ សមាគម ហើយក៏ជាលើកទី១០ នៃការរៀបចំកម្មវិធីតាំងពិព័រណ៍ឧស្សាហកម្ម សំណង់កម្ពុជា អន្តរជាតិ រយៈពេល០៣ថ្ងៃ ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដែលមានលក្ខណៈ លំដាប់អន្តរជាតិ និងធំជាងគេនៅប្រទេសកម្ពុជា។ តាមការពិនិត្យមើលទិន្នន័យ សំណង់របស់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងការវាយតម្លៃផ្នែកសេដ្ឋកិច្ច ពីអ្នកជំនាញ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំនេះ បន្ទាប់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជារួចមក សមាគមបាន សង្កេតឃើញថាវិស័យ សំណង់ និងអលនទ្រព្យ ដែលជាវិស័យមួយ បានជួយគាំទ្រដល់ការ រីកចម្រើនសេដ្ឋកិច្ចជាតិនោះ បានងើបឡើងវិញជាបណ្តើរៗហើយដែរ៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.