ប្រទេសថៃបានមើលឃើញនូវការកើនឡើងនៃការនាំចេញអង្ករទៅកាន់ប្រទេសឥណ្ឌូណេស៊ីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារប្រទេសកោះមួយនេះបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះរាំងស្ងួត។

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ណាភីនថន ស្រ៊ីសានប៉ាង បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់ទី២០ ក្នុងបញ្ជីអ្នកនាំចូលអង្កររបស់ប្រទេសថៃកាលពីឆ្នាំមុន ដោយបានបញ្ជាទិញអង្ករចំនួន ៩១.៧១៤តោន ដែលមានតម្លៃ ៤២,២៤លានដុល្លារអាម៉េរិក។

ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំនេះ បរិមាណនាំចូលអង្កររបស់ប្រទេសឥណ្ឌូណេស៊ីបានកើនឡើងយ៉ាងខ្លាំងរហូតដល់ ១,០៥លានតោន ដែលមានតម្លៃ ៥២៣,៤៥លានដុល្លារអាម៉េរិក ដែលធ្វើឱ្យប្រទេសឥណ្ឌូណេស៊ីក្លាយជាអ្នកនាំចូលអង្ករលេខ១ របស់ថៃ។

លោក ណាភីនថន បាននិយាយថា គ្រោះរាំងស្ងួតបានប៉ះពាល់ដល់តំបន់ដាំដុះស្រូវរបស់ប្រទេសឥណ្ឌូណេស៊ី ជាពិសេសនៅលើកោះជ្វា និងផ្នែកខ្លះនៃកោះស៊ូម៉ាត្រាខាងត្បូង។ កសិករនៅតំបន់ខ្ពង់រាបត្រូវបានបង្ខំឱ្យដាំដុះរុក្ខជាតិដែលប្រើប្រាស់ទឹកតិច ដូចជាពោតជាដើម។

ការនាំចេញអង្កររបស់ប្រទេសថៃក្នុងអំឡុងពេលពីខែមករាដល់ខែតុលា មានចំនួនសរុប ៦,៩២លានតោន ដែលមានតម្លៃ ៣,៩៦ប៊ីលានដុល្លារអាម៉េរិក ដែលកើនឡើង ១១,៤% និង ២៤,៧% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រទេសនាំចូលកំពូលទាំង៥ របស់ប្រទេសថៃ រួមមានប្រទេសឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក អាហ្វ្រិកខាងត្បូង អ៊ីរ៉ាក់ និងចិន។

លោក ណាភីនថន បាននិយាយថា តម្រូវការអង្ករទំនងជាកើនឡើងដោយសារតែគ្រោះរាំងស្ងួត និងផលប៉ះពាល់របស់បាតុភូតអាកាសធាតុអ៊ែលនីណូ ទៅលើផលិតកម្មស្រូវ ដោយលោកបាននិយាយបន្ថែមថា ការព្រួយបារម្ភអំពីសន្តិសុខស្បៀងបានជំរុញឱ្យប្រទេសជាច្រើននាំចូលអង្ករដើម្បីបំពេញតម្រូវការក្នុងស្រុក។

ដើម្បីបង្កើនការនាំចេញ និងលើកកម្ពស់អង្ករថៃក្នុងចំណោមអ្នកប្រើប្រាស់ថ្មី លោកបានចាត់ទុកថា ប្រទេសថៃត្រូវពន្លឿនការអភិវឌ្ឍពូជស្រូវរបស់ខ្លួន ដោយផ្តោតសំខាន់ទៅលើការជំរុញការប្រកួតប្រជែង និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។

មន្ត្រីរូបនោះបាននិយាយបន្ថែមថា កសិករគួរតែស្វែងរកការណែនាំដើម្បីដោះស្រាយជាមួយនឹងការប្រែប្រួលអាកាសធាតុ និងអនុវត្តតាមវិធានការគ្រប់គ្រងទឹករបស់ភ្នាក់ងាររដ្ឋាភិបាល ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះរាំងស្ងួត៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.