ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារ ជាមួយលោកសាស្រ្តាចារ្យបណ្ឌិត Yoshiaki ISHIZAWA ប្រធានមជ្ឈមណ្ឌលអាស៊ី សិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា និងលោកបណ្ឌិត Yoshiaki TERUMICHI សាកលវិទ្យាធិការ នៃសាកវិទ្យាល័យសូហ្វីយ៉ា ដើម្បីជួបនិងស្គាល់គ្នារវាងអាជ្ញាធរជាតិអប្សរា និងលោកបណ្ឌិតសាកលវិទ្យាធិការ ដើម្បីបន្តនូវស្មារតី នៃកិច្ចសហប្រតិបត្តិការ ក្នុងការសហការរវាងគ្នា នៃស្ថាប័នទាំងពីរទៅថ្ងៃអនាគត រួមទាំងបណ្តុះបណ្តាលធនធានមនុស្សរួមគ្នា ជាពិសេសធ្វើយ៉ាងណាជំរុញនូវការបណ្តុះបណ្តាល របស់អ្នកជំនាញជាតិឱ្យបានច្រើន កាលពីរសៀលថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ។

ក្នុងជំនួបនោះដែរ ឯកឧត្តម ហង់ ពៅ បានថ្លែងអំណរគុណដល់លោកសាស្រ្តាចារ្យបណ្ឌិត Yoshiaki ISHIZAWA ដែលបានខិតខំជួយជ្រោមជ្រែង លើការងារអភិរក្សអង្គរតាំងពីទសវត្សរ៍៨០មក ហើយកិច្ចការទាំងអស់នេះ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា បានសហការគ្នាបានយ៉ាងល្អប្រសើរ និងបានសម្រេចលើការជួសជុលស្ពានហាល នៃប្រាសាទអង្គរវត្ត បានរួចរាល់ទាំង ស្រុង និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ហង់ ពៅ បានកោតសរសើរ និងសម្តែងការអរគុណជាពន្លឹក ចំពោះលោកសាស្រ្តាចារ្យបណ្ឌិត Yoshiaki ISHIZAWA ។ បើទោះបីជាលោកមានវ័យចំណាស់យ៉ាងណាក៏ដោយ ក៏ស្មារតីនៃការស្រឡាញ់វប្បធម៌ខ្មែរ និងអង្គរមិនថមថយ ព្រមទាំងបានឯកភាពរួមគ្នាជាមួយនឹងលោកបណ្ឌិតសាកលវិទ្យាធិការ បន្តបំពេញនូវកិច្ចការសហការ ឱ្យកាន់តែល្អប្រសើរថែមទៀត ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.