មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើងបានបិទបេសកកម្មរបស់ខ្លួននៅក្នុងប្រទេសសេណេហ្គាល់ និងប្រទេសហ្គីណេ នៅក្នុងវិធានការជាក់ស្តែងមួយដើម្បីកាត់បន្ថយការចំណាយ ចំពេលដែលមានការលំបាកផ្នែកសេដ្ឋកិច្ច។

ការបិទស្ថានទូតចុងក្រោយបំផុតនេះ បានកើតឡើងបន្ទាប់ពីប្រទេសដែលរងទណ្ឌកម្មមួយនេះ បានបិទស្ថានទូតរបស់ខ្លួននៅប្រទេសអង់ហ្គោឡា នេប៉ាល់ បង់ក្លាដែស អេស្បាញ និងអ៊ូហ្គង់ដា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ចំនួនបេសកកម្មការទូតកូរ៉េខាងជើងសរុបបានធ្លាក់ចុះពី ៥៣ស្ថានទូត មកនៅត្រឹម ៤៦ស្ថានទូត គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ។

មន្ត្រីរូបនេះបាននិយាយថា ទីក្រុងហុងកុងមិនទាន់ត្រូវបានបញ្ចូលទៅក្នុងបញ្ជីខាងលើនៅឡើយទេ ដោយសារការដកនោះមិនត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់រដ្ឋាភិបាលទីក្រុង។ ប្រព័ន្ធផ្សព្វផ្សាយបរទេសមុននេះបានរាយការណ៍ថា ទៅក្រុងព្យុងយ៉ាងបានបិទបេសកកម្មរបស់ខ្លួននៅទីក្រុងហុងកុង។

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េ បានវាយតម្លៃចំពោះការបិទស្ថានទូតកាលពីពេលថ្មីៗនេះថាជាសញ្ញាជាក់ស្តែងមួយនៃសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់កូរ៉េខាងជើងកាន់តែអាក្រក់ទៅៗ ដោយសារការដាក់ទណ្ឌកម្មជាសកលជុំវិញការសាកល្បងនុយក្លេអ៊ែរ និងការបាញ់បង្ហោះគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ។

កូរ៉េខាងជើងបានស្ថិតនៅក្រោមការរឹតបន្តឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានការហាមឃាត់ទៅលើការនាំចេញធ្យូងថ្ម និងធនធានរ៉ែផ្សេងទៀតរបស់ប្រទេសនេះ ដើម្បីកាត់ផ្តាច់ការចូលប្រើប្រាស់រូបិយប័ណ្ណរឹងរបស់កូរ៉េខាងជើង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.