ដើម្បីចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអធិការកិច្ចស្ថានទូតគុយបា នឹងធ្វើជាស្ពានភ្ជាប់ទំនាក់ទំនងរវាងក្រសួងអធិការកិច្ច និងស្ថាប័នដែលមានសមត្ថកិច្ច ប្រហាក់ប្រហែលនៅប្រទេសគុយបា។​

ការប្រកាសជំហររបស់ស្ថានទូតគុបានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានទទួលស្វាគមន៍ និង ពិភាក្សាការងារជាមួយលោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំ ព្រះរាជាណាចក្រកម្ពុជានៅទីស្តីការក្រសួងកាលពីថ្ងៃទី៥ ខែ​ធ្នូ​ឆ្នាំ២០២៣។​

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្ដីសោមនស្សរីករាយក្នុងកាទទួលស្វាគមន៍ លោកជំទាវ ឯកអគ្គរដ្ឋទូត និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ ព្រមទាំងបានសម្តែងការ កោតសរសើរចំពោះទំនាក់ទំនងការទូតជាយូរលង់ចាប់តាំងពីឆ្នាំ១៩៦០មកម៉្លេះ និងសូមថ្លែងអំណរគុណរាល់ កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យជាច្រើន ដែលមានជាអាទិ៍ អប់រំ កីឡា វប្បធម៌ កសិកម្ម សុខាភិបាល ពិសេសជំនួយរបស់ប្រទេសគុយបាដល់ប្រទេសកម្ពុជា ក្នុងគ្រាដ៏លំបាកបន្ទាប់ពីការដួលរលំនៃរបបប្រល័យពូជសាសន៍ ខ្មែរក្រហម។

ឯកឧត្តមថាជំនួយគុយបានៅពេលនោះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ជាពិសេសពលរដ្ឋកម្ពុជា ដែលទើបងើបពីសេចក្ដីស្លាប់នៃរបបខ្មែរក្រហម ហើយត្រូវការចាំបាច់ការរស់រានមានជីវិត។ កាយវិការប្រកបដោយ សមានចិត្តនេះ បានសបញ្ជាក់ពីចំណងមិត្តភាពដ៏រឹងមាំ និងជាប្រវត្តិសាស្ត្រចងចាំដ៏ល្អ។

ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតជូនលោកជំទាវឯកអគ្គរដ្ឋទូត និងសហការី ចូលជួបពិភាក្សាការងារ និងស្វែងយល់អំពីបេសកកម្ម និងផែនការសកម្មភាពរបស់ក្រសួង នៅក្នុងអាណត្តិថ្មីនេះ។

ក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមានសភាពល្អប្រសើរលើគ្រប់ ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផល សង្គមជាតិ ទេសចរ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីបេសកកម្ម និងរចនាសម្ព័ន្ធរបស់ក្រសួងព្រមទាំងបានជម្រាបជូនលោកជំទាវទូតអំពីភាពចាំបាច់ក្នុងការប្តូរឈ្មោះពីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភាទៅជា-ក្រសួងអធិការកិច្ច ក្នុងគោលដៅឆ្លើយតបនឹងស្របទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង កាលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើ ទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

ដើម្បីឆ្លើយតបទៅនឹងភារកិច្ចចម្បងខាងលើដែលរាជរដ្ឋាភិបាលប្រគល់ជូនក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញ ពីផែនការសកម្មភាពចំនួន៤ របស់ក្រសួងអធិការកិច្ចរួមមាន៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការកសាង និងអភិវឌ្ឍ មូលធនមនុស្ស ការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៅក្នុងសមត្ថកិច្ចក្រសួងដែលរាជរដ្ឋាភិបាលប្រគល់ជូន និងការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួងនិងអង្គភាពចំណុះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ជំនួបទ្វេភាគីរវាង ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ចប់ប្រកបដោយភាតរភាព ភាពស្និទ្ធស្នាល និងទទួលបានលទ្ធផលដោយស្ថានទូតគុយបា នឹងធ្វើជាស្ពានភ្ជាប់ទំនាក់ទំនងរវាងក្រសួងអធិការកិច្ច និងស្ថាប័នដែលមានសមត្ថកិច្ច ប្រហាក់ប្រហែលនៅប្រទេសគុយបា ដើម្បីចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអធិការកិច្ច។ភាគីទាំងពីរ ឯកភាពពិនិត្យលទ្ធភាពនៃការចុះអនុស្សរណៈនៃការយោគយល់នៅក្នុងវិស័យអធិការកិច្ច។

និងភាគីទាំងពីរ ឯកភាពក្នុងការរៀបចំការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រតិភូនៃប្រទេសទាំងពីរ ដើម្បី សិក្សាផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកលើវិស័យអធិការកិច្ច។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវសារជូនពរពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ជូនចំពោះលោកជំទាវឯកអគ្គរដ្ឋទូត៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.