សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា តែងប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយ គាំទ្រចិន និងតួនាទីរបស់ចិន នៅលើឆាកអន្តរជាតិ ដើម្បីជាផលប្រយោជន៍តំបន់ និងពិភពលោកទាំងមូល។ នេះបើតាមអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹង បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្ដមសេនីយ៍ He Weidong អនុប្រធានទី២ គណៈកម្មាធិការយោធាមជ្ឍឹមបក្សចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹក ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន៧មករា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូគណៈកម្មាធិការយោធាមជ្ឈឹមបក្សកុម្មុយនិស្តចិន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ និងបង្ហាញអំពីភាពជិតស្និទ្ធដែលរដ្ឋាភិបាលនិងប្រជាជនប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់។

ឯកឧត្តម នាយឧត្ដមសេនីយ៍ He Weidong បាននាំនូវការសួរសុខទុក្ខរបស់ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុនីសចិន ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ហើយឯកឧត្តមបានបញ្ជាក់ថា សម្ដេចតេជោគឺជាថ្នាក់ដឹកនាំដ៏ល្អឯករបស់ប្រទេសកម្ពុជា ដែលបានដឹកនាំប្រទេសរយៈពេលកន្លងមក មានការរីកចម្រើនលើគ្រប់វិស័យ រក្សាបាននូវស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងលើកកម្ពស់ជីវភាពប្រជាជនប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកឧត្តម នាយឧត្ដមសេនីយ៍ បានបញ្ជាក់បន្ថែមថា កម្ពុជាគឺជាមិត្តដែកថែបរបស់ចិន ហើយកម្ពុជា-ចិន តែងតែគាំទ្រគ្នាទៅវិញទៅមក ទាំងនៅក្នុងតំបន់ និងអន្តរជាតិ ហើយក្នុងរយៈពេល ៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសចិននិងកម្ពុជា កន្លងមកនេះប្រទេសយើងទាំងពីរ បានជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញលើកកម្ពស់ការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់។ ឯកឧត្តម នាយឧត្ដមសេនីយ៍ He Weidong បានថ្លែងសង្កត់ធ្ងន់ថា ប្រទេសចិនគាំទ្រការកាន់អំណាចយកអង្វែងរបស់គណបក្សប្រជាជនកម្ពុជា គាំទ្ររាជរដ្ឋាភិបាលថ្មី ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចអធិបតី ជានាយករដ្ឋមន្ត្រី នឹងធ្វើឱ្យប្រទេសកម្ពុជា កាន់តែមានការរីកចម្រើនលើគ្រប់វិស័យ និងទទួលបានការគាំទ្រយ៉ាងធំធេងពីប្រជាជនកម្ពុជាទូទាំងប្រទេស។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះភាគីមិត្តចិន ដែលបាននាំនូវការសាកសួរសុខទុក្ខរបស់ឯកឧត្តមអគ្គលេខាធិការ ស៊ី ជិនពីង ជូនចំពោះសម្ដេច។ សម្ដេចតេជោមានប្រសាសន៍បញ្ជាក់បន្ថែមថា តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា តែងប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយ គាំទ្រចិន នឹងតួនាទីរបស់ចិន នៅលើឆាកអន្តរជាតិ ដើម្បីជាផលប្រយោជន៍តំបន់ និងពិភពលោកទាំងមូល។សម្ដេចតេជោបន្តថា ការរីកចម្រើនរបស់ចិន មិនត្រឹមតែជួយធ្វើឱ្យចិនខ្លួនឯងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការរីកចម្រើនរបស់តំបន់ និងបណ្ដាប្រទេសផ្សេងៗទៀតផងដែរ។ សម្ដេចតេជោបានបញ្ជាក់ដែរថា កម្ពុជានិងចិន ត្រូវតែបន្តពង្រឹងនិងពង្រីកនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញច្រករបៀងឧស្សាហកម្ម បច្ចេកវិទ្យា និងច្រករបៀងអង្ករ និងមច្ឆា ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ទៅថ្ងៃអនាគត ដែលប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់។

សម្ដេចតេជោ បានផ្ដាំផ្ញើការសួរសុខទុក្ខរបស់សម្ដេចតាមរយៈឯកឧត្តម He Weidong ជូនឯកឧត្តម ស៊ីជិនពីង អគ្គលេខាធិការបក្សកុម្មុយនីសចិនផងដែរ ហើយសង្ឃឹមថា សម្ដេចនឹងមានពេលទៅទស្សនកិច្ច ហើយជួបជាមួយឯកឧត្តម ស៊ី ជិនពីង នៅថ្ងៃអនាគត៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.