សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តជំរុញការលើកកម្ពស់ ជាពិសេសចាត់ទុក វិស័យពិការភាពជាការងារអាទិភាព ដើម្បីបង្កើតឱកាសដល់ជនមានពិការភាពចូលរួមរាល់សកម្មភាពសេដ្ឋកិច្ច សង្គមទាំងអស់ ។

ក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រព កោះពេជ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម ចំពោះទស្សនវិស័យរួមគ្នា ក្នុងការបន្តលើកកម្ពស់វិស័យពិការភាព ការផ្តល់អំណាច និងការគាំទ្រដល់ជនមានពិការភាព ដែលជាគុណតម្លៃដ៏វិសេសវិសាល សម្រាប់ការអភិវឌ្ឍសង្គមជាតិទាំងមូល ពិសេសក្នុងបរិការណ៍នៃការស្ដារសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពរឹងមាំ ក្រោយវិបត្តិនៃជំងឺកូវីដ១៩ ។

សម្តេចធិបតីបានបន្តថា បងប្អូនជនមានពិការភាព គឺជាតួអង្គមួយយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍគ្រួសារ និងសហគមន៍ ក្នុងន័យនេះការលើកកម្ពស់សហគ្រិនភាព គឺជាកិច្ចការដ៏សំខាន់ ដើម្បីបង្កើតឱកាសដល់ជនមានពិការភាព ចូលរួមអភិវឌ្ឍសង្គមឱ្យមានភាពល្អប្រសើរឡើង ។ ជាមួយគ្នានេះ ការពង្រឹងសមត្ថភាពនិងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ជនមានពិការភាព គឺជាកត្តាចាំបាច់ និងមិនអាចខ្វះបាន ដោយគ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ ទាំងអស់ មានកាតព្វកិច្ចធានា និងការធ្វើបរិយាប័ន្នសម្រាប់ជនមានពិការភាព ទទួលបានការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ភាពជាម្ចា ស់ការ ការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ការសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ ដើម្បីមានឱកាស ពេញលេញទាំងក្នុងទិដ្ឋភាពសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទិដ្ឋភាព នយោបាយ។

សម្តេចធិបតី បានបន្ថែមទៀតថា រាជរដ្ឋាភិបាល បានខិតខំកែលម្អជីវភាពរស់នៅ និងធានានូវការកាត់បន្ថយភាពក្រីក្ររបស់ជនពិការភាព តាមរយៈការលើកកម្ពស់អាជីព មុខរបរ សមរម្យ ការងារ និងការផ្តល់ប្រាក់របបគោលនយោបាយផ្សេងៗ។ ក្រៅពីនេះ សប្បុរសជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ក៏បានចូលរួមចំណែកទាំងធនធានថវិកា ធនធានមនុស្ស ដើម្បីជាឧត្តមប្រយោជន៍ដល់ជនមានពិការភាពនៅកម្ពុជា ។

« ជាមួយនេះរាជរដ្ឋាភិបាលមានចក្ខុវិស័យច្បាស់លាស់សម្រាប់ជនមានពិការភាពនិងក្រុមគ្រួសារ មានគុណភាពជីវិតល្អ ចូលរួមយ៉ាងសកម្មស្មើភាពនៅក្នុងសង្គមដោយមានការគោរពសិទ្ធិនិងសេចក្ដីថ្លៃថ្នូរព្រមទាំងការធ្វើបរិយាប័ន្នពិការភាពក្នុងគ្រប់វិស័យ ដើម្បីឲ្យសង្គមមួយមានបរិយាប័ន្ន យើងត្រូវនាំគ្នាគិតគូរដល់ការចូលរួមរបស់ជនមានពិការភាពនៅក្នុងជីវភាពសាធារណៈជីវភាពនយោបាយ សកម្មភាពសង្គមវប្បធម៌សិល្បៈសាសនា កីឡាការសម្រាកលម្ហែនិងសកម្មភាពផ្សេងផ្សេងទៀត ទន្ទឹមនេះ ការផ្ដល់សេវាយុត្តិធម៌ជូនជនមានពិការភាព ការធានាសមធម៌យេនឌ័រ ភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីមានពិការភាព ចាំបាច់ទាមទារឱ្យមានការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ »៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.