រដ្ឋបាលរដ្ឋធានីហ្សាការតាបានត្រៀមថវិកាចំនួន ៦,៩ទ្រីលានរូពៀ (៤៤៦,៩លានដុល្លារអាម៉េរិក) នៅក្នុងថវិការបស់រដ្ឋធានីនេះសម្រាប់ឆ្នាំ២០២៤ ដើម្បីទប់ស្កាត់ការកកស្ទះចរាចរណ៍នៅក្នុងរដ្ឋធានី ដោយការកែលម្អសេវាដឹកជញ្ជូនសាធារណៈ។

ប្រធានទីភ្នាក់ងារដឹកជញ្ជូនទីក្រុងហ្សាការតា លោក ស៊ីយ៉ាហ្រ្វ៊ីន លីពូតូ ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ថវិកាភាគច្រើន ឬស្មើនឹង ៤,៩ទ្រីលានរូពៀ នឹងត្រូវបានប្រើប្រាស់សម្រាប់កាតព្វកិច្ចសេវាសាធារណៈ (PSO) ទប់ស្កាត់ការចតយានយន្តខុសច្បាប់ និងការត្រួតពិនិត្យចរាចរណ៍។

លោក លីពូតូ បាននិយាយថា រដ្ឋបាលទីក្រុងនោះកំពុងផ្តោតសំខាន់ទៅលើការកែលម្អគុណភាព និងបរិមាណនៃការដឹកជញ្ជូនសាធារណៈក្នុងទីក្រុងហ្សាការតា ដើម្បីផ្តល់សុវត្ថិភាព និងភាពងាយស្រួលសម្រាប់សាធារណជន។

ក្រុមប្រឹក្សាទីក្រុងនេះ បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីថវិកាតំបន់សម្រាប់ឆ្នាំ២០២៤ ដែលមានតម្លៃ ៨១,៧១ទ្រីលានរូពៀកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ហើយបានស្នើឱ្យរដ្ឋបាលទីក្រុងប្រើប្រាស់ថវិកានោះដើម្បីគ្រប់គ្រងការកកស្ទះនៅក្នុងទីក្រុង។ ការគ្រប់គ្រងការកកស្ទះនេះ ត្រូវបានកំណត់ជាកម្មវិធីអាទិភាពមួយរបស់រដ្ឋបាលទីក្រុងនៅក្នុងឆ្នាំ២០២៤។

បន្ថែមពីលើការគ្រប់គ្រងការកកស្ទះចរាចរណ៍នោះ កម្មវិធីអាទិភាពផ្សេងទៀតដែលជះឥទ្ធិពលដោយផ្ទាល់ដល់ពលរដ្ឋទីក្រុងហ្សាការតា រួមមានការគ្រប់គ្រងគ្រោះទឹកជំនន់ ការកាត់បន្ថយភាពក្រិន កាត់បន្ថយភាពក្រីក្រ ការពន្លឿនកំណើនសេដ្ឋកិច្ច និងការពង្រឹងតម្លៃលទ្ធិប្រជាធិបតេយ្យ។

អនុប្រធានក្រុមប្រឹក្សាទីក្រុង លោក ខ័ររូឌីន បាននិយាយថា ខ្លួនក៏នឹងត្រួតពិនិត្យកម្មវិធីអាទិភាពនេះនៅឆ្នាំក្រោយផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.