មន្ត្រីអង្គការ WCS បានឱ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមកិច្ចសហការ រវាងមន្ទីរបរិស្ថានខេត្តព្រះវិហារ អង្គការសមាគមអភិរក្ស សត្វព្រៃ WCS និងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (Angkor Centre for Conservation of Biodiversity ACCB) បានលែងសត្វស្លាបព្រៃសំខាន់ៗចំនួន៤ ដែលរួមមាន សត្វក្ងោក និងសត្វត្រុំអាស៊ី ទៅក្នុងទីជម្រកធម្មជាតិក្នុងតំបន់ទេសភាពភាគខាងជើង ក្នុង ខេត្តព្រះវិហារ។

ក្នុងចំណោមសត្វស្លាបទាំង៤នេះ មានសត្វក្ងោកជិតពេញវ័យចំនួន៣ ដែលជាអម្បូរ ក្ងោកឥណ្ឌូណេស៊ី និងជាប្រភេទសត្វជិតផុតពូជនៅក្នុងសកលលោកដែលមានដើម កំណើតនៅតំបន់អាស៊ីអាគ្នេយ៍។ សត្វក្ងោកទាំងនេះបានញាស់ និងលូត លាស់ដោយ ការថែរក្សាពីមេបារបស់វានៅក្នុងមជ្ឈមណ្ឌល ACCB រហូតដល់ពេល ដែលពួកវាអាចត្រៀមខ្លួនដើម្បីរស់នៅក្នុងទីជម្រកធម្មជាតិជាមួយសត្វព្រៃផ្សេងទៀត។

ការលែងសត្វស្លាបទាំងនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការស្ដារចំនួនប្រជាសាស្រ្ត សត្វព្រៃ និងដើម្បីសុវត្ថិភាពនៃប្រភេទសត្វដ៏អស្ចារ្យនេះ។ ចំណែកឯសត្វត្រុំអាស៊ី វិញ គឺជាប្រភេទសត្វកំពុងទទួលរងការគំរាមកំហែងតាមរយៈការបាត់បង់ទីជម្រក និងការបរបាញ់ សត្វនេះត្រូវបានសង្រ្គោះដោយមន្ទីរបរិស្ថានខេត្តព្រះវិហារ អង្គការ WCS និង មជ្ឈមណ្ឌល ACCB កាលពីខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីបានប្រទះឃើញថា មានរបួស និងមិនអាច ហោះហើរបាន។ បន្ទាប់ពីបានទទួលការថែទាំ និងស្ដារនីតិសប្បទា ឥឡូវនេះសត្វត្រុំ អាចហើរ ចូលក្នុងទីជម្រកធម្មជាតិបានយ៉ាងរឹងមាំ និងដោយភាពជឿជាក់។

អង្គការ WCS និងដៃគូ មានក្តីសោមនស្សរីករាយដោយបានចូលរួម ក្នុងភាពជោគជ័យ នៃកិច្ចការងារអភិរក្សនេះ។ យើងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះដៃគូ និងអ្នកគាំទ្រទាំងអស់ ក្នុងកិច្ចខិតខំប្រឹងប្រែងបំពេញការងារនេះ យើងទាំងអស់គ្នារួមគ្នា ដើម្បីការពារសត្វព្រៃ និងទីជម្រកដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.