រដ្ឋាភិបាលហ្វីលីពីន និងកងទ័ពប្រជាជនថ្មី (NPA) បានប្រកាសកាលពីថ្ងៃទី២៨ ខែវិច្ឆិកាថា ពួកគេបានព្រមព្រៀងគ្នាចាប់ផ្តើមកិច្ចចរចាសន្តិភាពឡើងវិញ បន្ទាប់ពីការផ្អាកអស់រយៈពេល ៦ឆ្នាំ ក្នុងគោលបំណងបញ្ចប់ជម្លោះប្រដាប់អាវុធជាច្រើនទសវត្សរ៍កន្លងមក។

ការអនុវត្តចុងក្រោយនេះ គឺជាលទ្ធផលនៃកិច្ចពិភាក្សាក្រៅផ្លូវការរវាងភាគីទាំងពីរនៅក្នុងប្រទេសហូឡង់ និងន័រវែស ចាប់តាំងពីឆ្នាំ២០២២ មក។

ភាគីទាំងពីរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចុះហត្ថលេខានៅទីក្រុងអូស្លូ កាលពីថ្ងៃទី២៣ ខែវិច្ឆិកាថា ភាគីទាំងពីរបានព្រមព្រៀងគ្នាទៅលើដំណោះស្រាយជាគោលការណ៍ និងសន្តិវិធីនៃជម្លោះប្រដាប់អាវុធ ដោយបាននិយាយបន្ថែមថា កិច្ចចរចាសន្តិភាពនេះនឹងជួយដោះស្រាយផលវិបាកសេដ្ឋកិច្ចសង្គម និងនយោបាយបានយ៉ាងស៊ីជម្រៅ។

ការប្រកាសអំពីកិច្ចចរចារបស់ពួកគេនេះ បានកើតឡើងមិនដល់មួយសប្តាហ៍ផងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីនែនដ៍ ម៉ាកូស ជេអ បានចេញដីកាលើកលែងទោសដល់ក្រុមបះបោរជាច្រើន រួមទាំងអតីតសមាជិកនៃកងទ័ព NPA ផងដែរ។

ជម្លោះរវាងអាជ្ញាធរ និងកងទ័ព NPA បានអូសបន្លាយជាង ៥០ឆ្នាំមកហើយ និងបានសម្លាប់មនុស្សជាង ៤០.០០០នាក់។

ប្រទេសន័រវេសបានជួយសម្រួលដល់ដំណើរការសន្តិភាពរបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះអស់រយៈពេលប្រហែល ២០ឆ្នាំមកហើយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.