ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានអះអាងថា អាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែក បង្កើនការយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនជាទីបំផុត ដើម្បីធានាសុវត្ថិភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពីធិបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅក្បែរវេទិកាខាងមុខព្រះបរមរាជរាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ឆ្នាំនេះ គឺមានប្រជាពលរដ្ឋមកពីគ្រប់ទិសទីមកចូលរួមកម្សាន្តសប្បាយ ទស្សនាការប្រណាំងទូក ការបណ្តែតប្រទីប និងការតាំងពិព័រណ៍ផ្សេងៗយ៉ាងច្រើនកុះករ។ ជាមួយគ្នានេះ ក្រុមសមត្ថកិច្ចបានពង្រាយ និងដើរល្បាតនៅជុំវិញកន្លែងប្រារព្ធពិធីនិងតំបន់កន្លែងសប្បាយភាពផ្សេងៗ ដើម្បីធានាសន្តិសុខសុវត្ថិភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋមកលេងកម្សាន្តដោយគ្មានការបារម្ភអ្វីឡើយ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋសូមសប្បាយរីករាយកុំមានការព្រួយបារម្ភពីសន្តិសុខនៅក្នុងព្រះរាជពីធិបុណ្យអុំទូក រយៈពេលបីថ្ងៃនេះ ដោយសារតែក្រុមសមត្ថកិច្ចបានពង្រឹងសន្តិសុខសណ្តាប់ធ្នាប់យ៉ាងម៉ឹងម៉ាត់ ដើម្បីធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋមកលេងកម្សាន្ត។

ឯកឧត្តម ឧត្តមសេនីយ៍ឯកបានលើកឡើងថា ចំពោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដាក់កងកម្លាំងប្រដាប់អាវុធចម្រុះជាង១ម៉ឺននាក់ នៅតាមគោលដៅសំខាន់ៗ ចំនួន១៤ គោលដៅ ស្របពេលព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះ មានចំនួនទូក និងកីឡាករ កីឡាការិនីអុំទូកមានការកើនឡើង និងស្របពេលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានរៀបចំព្រះរាជពិធីបុណ្យនេះ បានអធិកអធមជាងឆ្នាំកន្លងទៅ បន្ទាប់ពិធីបុណ្យអុំទូកបានខកខានចំនួន៣ឆ្នាំមកហើយ ដោយសារការរាតត្បាតជំងឺឆ្លងកូវីដ១៩។

ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ផងដែរថា កម្លាំងរបស់ស្នងការរាជធានីភ្នំពេញមានចំនួន ៥ ០៣០ នាក់ ហើយក្នុងនោះ ក៏បានរួមសហការជាមួយគ្រប់ស្ថាប័នអង្គភាពដែលចូលរួម ក្នុងព្រះពិធីបុណ្យអុំទូកនេះ គឺមានចំនួន១៤ អង្គភាព ស្ថាប័ន ហើយចំណុះឱ្យកម្លាំងជាងមួយម៉ឺននាក់ ដែលបានបែងចែកជា៣តំបន់ គឺតំបន់ A, B, C ។ ឯកឧត្ដមឧត្ដមសេនីយ៍ឯកបានបន្ថែមថា៖ « យើងបានបែងចែកជា៣ដំណាក់ ទីមួយ យើងបានត្រៀមរៀបរយនៅក្នុងតំបន់សុវត្ថិភាពគឺមានកម្លាំងជំនាញ កម្លាំងថែរក្សាសណ្ដាប់ធ្នាប់ កម្លាំងអន្តរាគមន៍ ទីពីរយើងមានកម្លាំងកិច្ចការពារ ទីបី យើងបានបែងចែកទៅតាមភូមិសាស្ត្រដើម្បីត្រួតពិនិត្យសភាពការណ៍ សម្រាប់ការពារប្រជាពលរដ្ឋនៅតាមសង្កាត់នីមួយៗដែលស្ថិតនៅក្នុងចំណុះអគ្គ១៤ខណ្ឌ»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.