លោក Abdel Fattah al-Sisi ប្រធានាធិបតីអេហ្សុីបបាននិយាយថា អនាគតរដ្ឋប៉ាឡេស្ទីន គួរតែជារដ្ឋមួយគ្មានយោធា និងមានវត្តមានកងកម្លាំងរក្សាសន្តិសុខអន្តរជាតិបណ្ដោះអាសន្នមួយ ដើម្បីផ្ដល់ការធានាដល់ទាំងប៉ាឡេស្ទីន និងអុីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Abdel Fattah al-Sisi ធ្វើការកត់សម្គាល់ខាងលើអំឡុងធ្វើសន្និសីទសារព័ត៌មានរួមមួយក្នុងរដ្ឋធានីគែរ ជាមួយលោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ និងលោក Alexander De Croo នាយករដ្ឋមន្ត្រីបែលហ្សុិក។

លោកបានបន្តថា “យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ប៉ាឡេស្ទីន ជារដ្ឋគ្មានយោធា និងមានការធានាសន្តិសុខពីកងកម្លាំងអន្តរជាតិដូចជាអង្គការ NATO UN ឬក៏កម្លាំងមកពីបណ្ដារដ្ឋអារ៉ាប់ ឬក៏សហរដ្ឋអាមេរិក រហូតទាល់តែយើងអាចសម្រេចបាននូវសន្តិសុខសម្រាប់រដ្ឋទាំងសងខាង (ប៉ាឡេស្ទីន និងអុីស្រាអែល)”។ លោកបានបញ្ចាក់ថា ដំណោះស្រាយនយោបាយមួយដែលចង់ឱ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីនឈរលើមូលដ្ឋានព្រំដែនថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៦៧ ដោយយកទីក្រុងហ៊្សេរុយសាឡិមខាងកើតជារដ្ឋធានី គឺនៅតែមិនអាចសម្រេចបាននោះទេ។

ម្យ៉ាងវិញទៀតអនាគតតំបន់ ហ្កាហ្សាកំពុងស្ថិតក្រោមភាពមិនច្បាស់លាស់ ក្រោយអុីស្រាអែលបញ្ជាក់ថាខ្លួននឹងគ្រប់គ្រងផ្នែកសន្តិសុខលើតំបន់ហ្កាហ្សា បន្ទាប់ពីសង្រ្គាមជាមួយក្រុមហាម៉ាសបិទបញ្ចប់ ប៉ុន្តែសហរដ្ឋអាមេរិកបង្ហាញជំហរជំទាស់ទៅនឹងការគ្រប់គ្រងតំបន់ហ្កាហ្សាឡើងវិញពីសំណាក់អុីស្រាអែល៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.