នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានរៀប ចំពិព័រណ៍មិនអចិន្រ្តៃយ៍នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីតាំងបង្ហាញវត្ថុបុរាណចំនួន១៨ ដែលសិតពីលោហៈមាន សំរឹទ្ធិ ទង់ដែង និងដែក ព្រមទាំងកុលាលភាជន៍ មួយ ប្រភេទជាឆ្នាំងដី ដែលមានរូបព្រះពុទ្ធបដិមាសិតពីក្រមួននៅក្នុងនោះផង មានប្រភព មកពី ប្រាសាទមេបុណ្យខាងលិច។ វត្ថុសិល្បៈទាំងអស់នេះ គឺជាលទ្ធផលនៃការធ្វើកំណាយស្រាវ ជ្រាវបុរាណវិទ្យានៅទីនោះ ក្នុងចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៨។ បន្ទាប់ពីបានជួសជុល ថែទាំឱ្យមានសុវត្ថិភាព ទើបយកមកដាក់តាំងបង្ហាញឱ្យភ្ញៀវជាតិ អន្តរជាតិ និងសិស្ស និស្សិត បានស្គាល់ ព្រមទាំងផ្តល់ជាឱកាសដល់ការងារសិក្សាស្រាវជ្រាវនានាផង។

បើយោងតាមមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា វត្ថុបុរាណ ឬសមុច្ច័យចំនួន១៨នេះ ខ្លះប្រហែលជាអាចមានអាយុកាលដំណាលគ្នា នឹងប្រាសាទ មេបុណ្យខាងលិច ក្នុងចន្លោះរាជព្រះបាទសូរ្យវរ័្មនទី១ និងព្រះបាទ ឧទ័យាទិត្យវរ័្មនទី២ ពោលគឺក្នុងសម័យអង្គរ។ ចំណែកភាជន៍ដែលមានរូបពុទ្ធបដិមានៅក្នុងវិញ អាចប្រហែល ជាស្ថិតក្នុងសម័យក្រោយអង្គរ ឬក្រោយនោះទៀតក៏ថាបាន នេះបើផ្អែកលើប្រភេទរូបរាង នៃភាជន៍ និងបរិបទរបស់រូបបដិមា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.