ធនាគារពិភពលោក (WB) បានអនុម័តប្រាក់កម្ចីចំនួន ៥០០លានដុល្លារអាម៉េរិក ដើម្បីជួយដល់ប្រទេសហ្វីលីពីនក្នុងការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងការគំរាមកំហែងអាកាសធាតុ ដោយផ្តោតជាពិសេសទៅលើការការពារសាលារៀន គ្រឹះស្ថានសុខាភិបាល និងលំនៅដ្ឋានរបស់ប្រជាជន។

ធនាគារ WB បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលហ្វីលីពីនអាចទាញយកប្រាក់កម្ចីបានយ៉ាងឆាប់រហ័សនៅពេលដែលគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសុខភាពកើតឡើង ដោយវានឹងជួយកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ច និងការអភិវឌ្ឍរយៈពេលវែង។

យោងតាមធនាគារ WB បានឱ្យដឹងថា ប្រហែល ៦០% នៃផ្ទៃដីសរុបរបស់ប្រទេសហ្វីលីពីន និងយ៉ាងហោចណាស់ ៧៤% នៃប្រជាជនហ្វីលីពីនងាយរងគ្រោះ នឹងប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន ដែលរួមមានព្យុះទីហ្វុង ការរអិលបាក់ដី ទឹកជំនន់ រលកព្យុះ គ្រោះរាំងស្ងួត ការផ្ទុះភ្នំភ្លើង និងការរញ្ជួយដី។ គ្រោះមហន្តរាយធម្មជាតិជារឿយៗបានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ រំខានដល់ការផ្តល់សេវាអប់រំ និងសុខភាពសំខាន់ៗ និងបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាជន ព្រមទាំងធ្វើឱ្យជីវភាពគ្រួសារជាច្រើនជួបការលំបាក និងជំរុញឱ្យប្រជាជនខ្លះធ្លាក់ទៅក្នុងភាពក្រីក្រ។

ប្រហែល ៧៨% នៃសាលារដ្ឋ និង ៩៦% នៃសិស្សានុសិស្សនៅក្នុងប្រទេសហ្វីលីពីន ត្រូវបានប៉ះពាល់ និងងាយរងគ្រោះដោយសារគ្រោះធម្មជាតិជាច្រើន។ នៅចន្លោះពីឆ្នាំ២០២១ និងឆ្នាំ២០២៣ សាលារៀនប្រហែល ៤.០០០កន្លែង ត្រូវបានខូចខាតដោយសារគ្រោះមហន្តរាយផ្សេងៗ ដែលបណ្តាលឱ្យមានការរំខានដល់ការបន្តការសិក្សារបស់កុមារចំនួន ២លាននាក់។

ធនាគារ WB បាននិយាយថា គ្រោះមហន្តរាយធម្មជាតិបានសម្លាប់ប្រជាជនហ្វីលីពីនប្រហែល ៣៣.០០០នាក់ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ និងប៉ះពាល់ដល់ប្រជាជនប្រហែល ១២០លាននាក់៕

ប្រភព​៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.