លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីនបានប្រកាសថា កាលថ្ងៃអង្គារកម្មវិធីល្បាតដែនសមុទ្រនិងដែនអាកាសរួមគ្នានៅឯតំបន់សមុទ្រចិនខាងត្បូង រវាងប្រទេសហ្វីលីពីននិងសហរដ្ឋអាមេរិកគឺត្រូវបានចាប់ផ្តើមហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

សេចក្តីប្រកាសខាងលើរបស់មេដឹកនាំហ្វីលីពីន ធ្វើឡើង នៅពេលដែលទំនាក់ទំនងបាននិងកំពុងត្រូវរឹតបន្តឹងជាខ្លាំងនៅក្នុងឆ្នាំនេះរវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរ ដែលរួមមានទាំងការសម្រេចចិត្តបង្កើនជិត ទ្វេដងនូវចំនួនមូលដ្ឋានទ័ពហ្វីលីពីន ដែលយោធាអាមេរិកមានសិទ្ធិប្រើប្រាស់ ហើយក្នុងចំណោមនោះមូលដ្ឋានយោធាខ្លះស្ថិតនៅបែរមុខទៅរកកោះតៃវ៉ាន់ ព្រមទាំងសមុទ្រចិនខាងត្បូង។

លោក Marcos បាននិយាយថា “កិច្ចផ្តួចផ្តើមដ៏សំខាន់មួយនេះជាសក្ខីភាពនៃការប្តេជ្ញាចិត្ត ដើម្បីពង្រឹងសមត្ថភាពធ្វើប្រតិបត្តិការរួមគ្នារវាងកងកម្លាំងយោធារបស់យើង នៅក្នុងការងារល្បាតតាមដែនសមុទ្រក៏ដូចជាតាមដែនអាកាស”។

បើតាមលោកប្រធានាធិបតីហ្វីលីពីន កិច្ចការល្បាតរួមគ្នានោះនឹងប្រព្រឹត្តទៅនៅក្បែរកោះ Mavulis ដែលជាកោះស្ថិតនៅចុងបំផុត នៃភាគខាងជើង ប្រទេសហ្វីលីពីន ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីតៃវ៉ាន់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.