កាសែតអាមេរិក Washington Post បានរាយការណ៍ថា អ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងបឋមមួយគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីដោះលែងចំណាប់ខ្មាំងរាប់សិបនាក់ ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៥ថ្ងៃ។

កាសែតអាមេរិក Washington Post ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើក្រុមមន្ត្រីអាមេរិកដែលបានដឹងពីកិច្ចព្រមព្រៀងខាងលើ។

តាមកិច្ចព្រមព្រៀងនេះដដែល ភាគីទាំងអស់នឹងផ្អាកការប្រយុទ្ធរយៈពេល ៥ ថ្ងៃ ខណៈចំណាប់ខ្មាំង ៥០នាក់ ឬអាចច្រើនជាងនេះនឹងត្រូវបានដោះលែងជាក្រុមតូចៗក្នុងរយៈពេលរៀងរាល់ ២៤ម៉ោង។ បន្ថែមពីលើនេះកិច្ចព្រមព្រៀងក៏មានបំណងអនុញ្ញាតដល់ការផ្ដល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជនស៊ីវិលផងដែរ។ Washington Post បានបន្ថែមទៀតថា ចំណាប់ខ្មាំងអាចនឹងត្រូវបានដោះលែង នៅប៉ុន្មានថ្ងៃខាងមុខ។

គួរបញ្ជាក់ថា នៅក្នុងការវាយប្រហារលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាសបានចាប់មនុស្សជាង ២៤០ នាក់ជាចំណាប់ខ្មាំង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.