ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថាក្នុងរយៈពេល៣ថ្ងៃខាងមុខនេះអាកាសធាតុនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានចុះអ័ព្ទ ជាមួយនឹងធាតុអាកាសត្រជាក់នៅពេលព្រឹក។​

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣បានឲ្យដឹងថាឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនដែលគ្របដណ្តប់លើប្រទេសកម្ពុជាចុះថមថយ ជាមួយនឹងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។

ក្រសួងបានលើកឡើងថាស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតំបន់វាលទំនាប មាន សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។​មានចុះអ័ព្ទពេលព្រឹកនៅតាមបណ្តាខេត្តជាប់ក្បែរនឹងជួរភ្នំដងរែក។

ចំណែកតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី១៩-២២°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី។​តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានចុះអ័ព្ទ ជាមួយនឹងធាតុអាកាសត្រជាក់នៅពេលព្រឹក។

ដោយឡែកនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។​នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.