បច្ចុប្បន្នជំងឺមិនឆ្លង ជាបញ្ហាដែលគួរឱ្យព្រួយបារម្ភសម្រាប់កម្ពុជា។ ទាំងនេះអាស្រ័យដោយអង្គការសុខភាពពិភពលោក បានរកឃើញថា ជំងឺមិនឆ្លងជាមូលហេតុចម្បងនៃការស្លាប់ និងពិការភាពនៅកម្ពុជា។ កត្តាហានិភ័យ នាំឱ្យកើតជំងឺមិនឆ្លងនេះ គឺបណ្តាលមកពី ការទទួលទានអាហារមិនល្អសម្រាប់ សុខភាព ការពិសាបារី ការផឹកស្រាហួសកម្រិត ការលើសទម្ងន់ ជាពិសេសមានជាតិស្ករនៅក្នុងឈាមខ្ពស់ និងសម្ពាធឈាមឡើងខ្ពស់ជាដើម។ អត្រានៃជំងឺមិនឆ្លងមានការកើនឡើង ដោយហេតុថាប្រជាពលរដ្ឋមិនសូវយកចិត្តទុកដាក់ថែទាំសុខភាពការពារនិងទប់ទល់ពីជំងឺនេះ ដូច្នេះប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីសំខាន់ក្នុងការបញ្ជ្រាបការយល់ដឹងពីរបបអាហារប្រកបដោយសុខភាព និងការកាត់បន្ថយជាតិអំបិលក្នុងម្ហូបអាហារ ដល់ប្រជាពលរដ្ឋ។

ជំងឺមិនឆ្លង បានសម្លាប់ជីវិតពលរដ្ឋរហូតដល់៦៤ភាគរយ នៃមូលហេតុការស្លាប់ផ្សេងៗទៀត។ ប្រភេទជំងឺមិនឆ្លងដែលមានអត្រាមរណភាពខ្ពស់ជាងគេគឺ ជំងឺសរសៃឈាមបេះដូង ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ មហារីក និងជំងឺទឹកនោមផ្អែម។ការកើនឡើងនៃអ្នកស្លាប់ដោយសារជំងឺមិនឆ្លង ជាបញ្ហាដ៏ធំមួយ ដែលត្រូវទាមទារឱ្យមានការចូលរួម និងយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ។ នាសិក្ខាសាលាស្ដីពីការលើកកម្ពស់របបអាហារមានសុខភាពល្អ និងការកាត់បន្ថយជាតិអំបិលតាមរយៈ ប្រព័ន្ធផ្សព្វផ្សាយ នៅសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ កាលថ្ងៃទី១៧ខែវិច្ឆិកា លោកស្រីវេជ្ជបណ្ឌិត Nargiza khodjaeva ប្រធានក្រុមផ្នែកជំងឺមិនឆ្លងនិងសុខភាព នៃអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានមានប្រសាសន៍តាមរយៈអ្នកបកប្រែថា៖ប្រទេសនីមួយៗមានភាពឆ្ងាញ់នៃរបបអាហារ ខុសៗពីគ្នា ក្នុងការចម្អិនទទួលទាន សម្រាប់ទ្រទ្រង់រាងកាយប្រកបដោយសុខភាពល្អ និងកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង។

លោកស្រី វេជ្ជបណ្ឌិតលើកឡើងទៀតថា៖ ក្រសួងសុខាភិបាល ក្រសួងព័ត៌មាន និង អង្គការសុខភាពពិភពលោក បានខិតខំរួមគ្នាក្នុងការផ្សព្វផ្សាយដើម្បីបង្កើនការយល់ដឹងពីរបបអាហារដែលមានសុខភាពល្អ ដល់ប្រជាពលរដ្ឋ។

សំឡេងទី១«ការអនុវត្តនេះមិនអាចធ្វើទៅបានទេ បើនរណាម្នាក់មិនចូលរួមនោះ ដូច្នេះហើយក្រសួងសុខាភិបាលមានការតាំងចិត្តដើម្បីធ្វើការងារនេះ។យើងចង់ឱ្យក្រសួងដទៃទៀតធ្វើការជាមួយគ្នា ធ្វើការតាំងចិត្តលះបង់ជាមួយគ្នា ដោយមានការគាំទ្រជាមួយក្រសួងព័ត៌មាន ព្រោះក្រសួងព័ត៌មានៗសមត្ថភាព និងមានភាពងាយស្រួលក្នុងការផ្សព្វផ្សាយទៅដល់សាធារណៈជនទូទៅតាមរយៈវិទ្យុ ទូរទស្សន៍ និងព័ត៌មាន របស់ខ្លួន។ ដូច្នេះប្រជាជនទូទៅលោកស្ដាប់នូវព័ត៌មានទាំងអស់នោះដែលបានចេញផ្សាយទាំងអស់នេះដែលយើងគិតថា មានលទ្ធភាពច្រើនជាងគេ ដែលអាស្រ័យទៅលើអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយអំពីបញ្ហាសុខភាពរបស់ប្រជាជនទូទៅ»។

ឯកឧត្តម ប៉ាង ណាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងពីរបបអាហារដែលមានសុខភាពល្អនិងការកាត់បន្ថយជាតិអំបិល តាមរយៈជួយអប់រំតាមប្រព័ន្ធផ្សព្វផ្សាយ។ ឯកឧត្តមបានបន្ថែមថា៖ ទាំងពិធីករ ពិធីការិនី អ្នកយកព័ត៌មាន អ្នកផលិតកម្មវិធីវិទ្យុ និងទូរទស្សន៍របស់ប្រព័ន្ធផ្សព្វផ្សាយ មានតួនាទីសំខាន់ក្នុងការចូលរួមជាមួយមន្ត្រីជំនាញ ដើម្បីបញ្ជ្រាបការយល់ដឹងនូវរបបអាហារមានសុខភាព និងការកាត់បន្ថយជាតិអំបិលដល់ប្រជាពលរដ្ឋ ឱ្យបានកាន់តែយល់ច្បាស់ ថាកម្រិតជាតិប្រៃ ផ្អែម ប៉ុន្មាន ដែលសារពាង្គកាយ ត្រូវការសម្រាប់សុខភាព និងផលវិបាកនៃការទទួលទានលើសកម្រិត។

សំឡេងទី២«សិក្ខាសាលានេះមានគោលបំណង លើកកម្ពស់ការយល់ដឹងដល់ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ រួមទាំងពិធីករពិធីការិនី វិទ្យុទូរទស្សន៍ អ្នកផលិតកម្មវិធី អ្នកសារព័ត៌មាន ពីរបបអាហារ ដែលទាក់ទងទៅនឹងជំងឺមិនឆ្លង ។ទី២ ដើម្បីមានផែនការប្រតិបត្តិការប្រចាំឆ្នាំ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ការលើកកម្ពស់របបអាហារ ដែលមានសុខភាពល្អនិងការកាត់បន្ថយជាតិអំបិលនៅក្នុងអាហារ»។

លោកវេជ្ជបណ្ឌិត សេង រតនា អនុប្រធានការិយាល័យជំងឺមិនឆ្លងនៃនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖ ការបញ្ជ្រាបចំណេះដឹងទាក់ទងទៅនឹងសុខភាពសាធារណៈនេះ ក្រសួងសុខាភិបាលមិនអាចធ្វើបានដោយគ្មានការចូលរួមពីគ្រប់ភាគីនោះទេ ជាពិសេសនោះ ប្រព័ន្ធផ្សព្វផ្សាយ ដែលបច្ចុប្បន្នកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំសារពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ ។

សំឡេងទី៣«យើងធ្វើការពង្រីកសារអប់រំទៅដល់ក្រុមគាំទ្រសុខភាពភូមិ តាមសហគមន៍ គឺឱ្យក្រុម របស់ពួកគាត់ជួយចូលរួម ដើម្បីផ្សព្វផ្សាយទៅដល់អ្នកភូមិរបស់គាត់ ។ដូច្នេះយើងត្រូវការកម្លាំងច្រើនណាស់ ដើម្បីជួយបញ្ជ្រាបសារអប់រំ ឱ្យពួកគាត់បានយល់ដឹង ។អ៊ីចឹងយើងមិនអាចទាមទារ ឬត្រូវការពេលវេលាខ្លីអាចធ្វើបាននោះទេ។ យើងត្រូវការពេលវេលាយូរអង្វែងណាស់ ហើយមានការចូលរួមច្រើន ពីគ្រប់ភាគីពាក់ព័ន្ធ មិនមែនតែក្រសួងសុខាភិបាលអាចធ្វើការងារនេះតែម្នាក់ឯងនោះទេ »។

ងាកមកលោក ហង់ នីជាមន្ត្រីសារព័ត៌មាន និងជាពិធីករអត្ថាធិប្បាយ នៅមន្ទីរព័ត៌មានខេត្តតាកែវ បានគូសបញ្ជាក់ថា៖ក្នុងនាមជាអ្នកផ្សព្វផ្សាយព័ត៌មានរូបលោកនឹងខិតខំរំលេចសារទាក់ទងទៅនឹងសុខភាព ជាពិសេសជំងឺមិនឆ្លង ឱ្យបានច្រើនដើម្បីឱ្យប្រជាពលរដ្ឋមានការចាប់អារម្មណ៍ និងឈ្វេងយល់ពីរបបអាហារ ណាដែលទទួលទានហើយមានសុខភាពល្អ និងមិនល្អធ្វើឱ្យប៉ះពាល់ដល់សុខភាព។

សំឡេងទី៤«ខ្ញុំតែងតែរំលេចឡើងពាក់ព័ន្ធនឹងបញ្ហាការពារសុខភាពជាប្រចាំជាពិសសចាប់ផ្ដើមពីជំងឺកូវីដ កើតឡើង គឺខ្ញុំតែងតែរឭកអំពីការកាត់បន្ថយជាតិស្រវឹង។ តែមកដល់ពេលនេះខ្ញុំនឹងរំឭកអំពីការកាត់បន្ថយជាតិអំបិល ព្រោះអំបិលក៏សំខាន់អ៊ីចឹងក្នុងកម្មវិធីអត្ថាធិប្បាយ ទាក់ទងសុខភាព ក៏ដូចជាព័ត៌មានចម្រុះ គឺខ្ញុំតែងរំលេចសារអំពីសុខភាព ដល់ប្រជាពលរដ្ឋ»។

កញ្ញា ម៉េង ចាន់ណា មន្ត្រីសារព័ត៌មាននៅមន្ទីរព័ត៌មានខេត្តកែបក៏បានលើកឡើងថា៖ នេះជាចំណេះដឹងល្អមួយ ដែលយើងអាចយកទៅអនុវត្តន៍ក្នុងការទទួលទានអាហារប្រចាំថ្ងៃ ដោយចាប់ផ្ដើមពីខ្លួនយើង និងគ្រួសារយើងជាមុនសិន។

សំឡេងទី៥«ខ្ញុំយកទៅប្រាប់ម៉ាក់ខ្ញុំព្រោះម៉ាក់ខ្ញុំជាចុងភៅនៅក្នុងគ្រួសារ ហើយគាត់ចូលចិត្តបរិភោគប្រៃផងដែរ ។ ពេលដែលយើងចង់កាត់បន្ថយ គឺពេលយើងទៅញ៉ាំអាហារខាងក្រៅ យើងគួរតែកាត់បន្ថយនូវការ ថែមគ្រឿងទេសផ្សេងៗចូលបន្ថែមទៀត»។

លោកវេជ្ជបណ្ឌិត ឃឹម សំអាត មន្ត្រីបច្ចេកទេសជំងឺមិនឆ្លង និងការលើកកម្ពស់សុខភាពនៃអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា៖ ទាក់ទងនឹងប្រភេទជំងឺមិនឆ្លងនេះគឺជារឿងសំខាន់ ដោយសារជំងឺប្រភេទនេះ មិនសូវមានការចាប់អារម្មណ៍ ពីប្រជាពលរដ្ឋដែលទាំងនេះជាក្ដីកង្វល់របស់រាជរដ្ឋាភិបាលនិងពិភពលោក ។ លោកវេជ្ជបណ្ឌិតបន្ថែមថា ការចូលរួមផ្សព្វផ្សាយ ការបំផុសសារខ្លីៗ របស់អ្នកសារព័ត៌មាន គឺជាកត្ដាសំខាន់ ដែលអាចធ្វើឱ្យប្រជាពលរដ្ឋ បានងាកមកចាប់អារម្មណ៍នឹងបញ្ហាប្រឈមជាច្រើន ដែលបណ្ដាលមកពីការទទួលទានអាហារមិនល្អ ទទួលទានលើសកម្រិតជាតិប្រៃនិងផ្អែម ព្រមទាំងការទទួលទានជាតិខ្លាញ់មិនល្អ ងាកមកទទួលទានទឹកស្អាត បន្លែ ផ្លែឈើឱ្យបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយអត្រាមរណភាព ពិការភាព ជំងឺបេះដូងលើសឈាម ដាច់សរសៃឈាមខួរក្បាល ទឹកនោមប្រៃ និងទឹកនោមផ្អែមជាដើម។

សំឡេង៦«របាយការណ៍ចុងក្រោយ របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ប្រជាជនកម្ពុជាបានស្លាប់ដោយសារជំងឺមិនឆ្លង ប្រមាណ៦៤ភាគរយ បើប្រៀបធៀបទៅនឹងមូលហេតុនៃការស្លាប់ដទៃទៀតហើយអ្នកស្លាប់ គឺស្លាប់មុនអាយុកាលកំណត់។ តាមការស្រាវជ្រាវ ប្រជាពលរដ្ឋកម្ពុជាយើងរស់បានយូរត្រឹម ខ្ទង់អាយុ៧០ឆ្នាំ អ៊ីចឹងស្លាប់មុនអាយុកាល សំដៅឃើញថាបើសិនយើងទទួលទានអាហារអត់សុខភាព ប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ដែលកើតជាជំងឺទឹកនោមផ្អែម លើសសម្ពាធឈាមមហារីកជាដើម»។

ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា៖ ជំងឺមិនឆ្លងគឺជាបញ្ហា ប្រឈមផ្នែកសុខភាពសាធារណៈដ៏ធំមួយ នឹងកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ ក្រសួងព័ត៌មាន បានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍សកម្មភាពពហុវិស័យជាតិសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង ឆ្នាំ២០១៨ -២០២៧ និងផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយអំបិលឆ្នាំ២០២១-២០២៧។ ក្នុងន័យនេះ ការលើកកម្ពស់របបអាហារដែលមានសុខភាពល្អ និងកាត់បន្ថយការទទួលទានអំបិលរបស់ប្រជាពលរដ្ឋ ត្រូវបានផ្ដល់អាទិភាព នៅក្នុងថ្នាក់ជាតិ ដោយក្រសួងព័ត៌មានៗភារកិច្ចលើកកម្ពស់ការយល់ដឹង ជាសាធារណៈ អំពីរបបអាហារ ដែលមានសុខភាពល្អ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ធ្វើយុទ្ធនាការផ្សព្វផ្សាយជូនដំណឹងដល់អ្នកប្រើប្រាស់និង អ្នក ផលិត អំពីការកាត់បន្ថយអំបិល និងលើកកម្ពស់ការយល់ដឹង អំពីហានិភ័យសុខភាព តាមរយៈប្រព័ន្ធ ផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា។

សំឡេងទី៧«ក្នុងន័យនេះ ការលើកកម្ពស់របបអាហារដែលមានសុខភាពល្អ និងកាត់បន្ថយការទទួលទានអំបិលរបស់ប្រជាពលរដ្ឋត្រូវបានផ្ដល់អាទិភាព នៅក្នុងថ្នាក់ជាតិ ដោយក្រសួងព័ត៌មានៗភារកិច្ចលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីរបបអាហារ ដែលមានសុខភាពល្អ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ធ្វើយុទ្ធនាការផ្សព្វផ្សាយ ជូនដំណឹងដល់អ្នកប្រើប្រាស់និង អ្នកផលិត អំពីការកាត់បន្ថយអំបិល និងលើកកម្ពស់ការយល់ដឹង អំពីហានិភ័យសុខភាព តាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា»។

ជម្ងឺមិនឆ្លងអាចសំដៅលើជំងឺរ៉ាំរ៉ៃដែលមានរយៈពេលយូរ ហើយវិវឌ្ឍលូតលាស់យឺតៗ ដូចជាជំងឺទឹកនោមផ្អែម ទឹកនោមប្រៃ ជំងឺមហារីក ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺបេះដូង ជំងឺលើសសម្ពាធឈាម។ល។ប្រភេទជំងឺមិនឆ្លងដែលមានអត្រាមរណៈខ្ពស់ជាងគេគឺ ជំងឺដាច់សរសៃឈាមបេះដូង , ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ,មហារីក និងជំងឺទឹកនោមផ្អែម។ ជំងឺមិនឆ្លង អាចបង្ការបានរហូតទៅដល់ ៨០% តាមរយៈការបង្ការ និងការពារ ដោយគ្រាន់តែរួមគ្នាដោះស្រាយកត្តាហានិភ័យរួមចំនួន ៤ ធំៗ គឺ៖ឈប់ប្រើប្រាស់ថ្នាំជក់ ឈប់ទទួលទានគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ របបអាហារដែលមិនមានផាសុកភាពនិងការអនុវត្តកាយវប្បកម្មឱ្យបានត្រឹមត្រូវជាប្រចាំ។

សូមជម្រាបថា សិក្ខាសាលាលើកកម្ពស់ការយល់ដឹង ស្តីពី “របបអាហារមានសុខភាពល្អ និងការកាត់បន្ថយជាតិអំបិលក្នុងអាហារ” ជូនដល់ ពិធីករ ពិធីការិនី អ្នកយកព័ត៌មាន អ្នកផលិតកម្មវិធីវិទ្យុ និង ទូរទស្សន៍ ទាំងរដ្ឋនិងឯកជននៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានធ្វើឡើងចំនួនពីរលើក ដោយលើកទីមួយ នៅសណ្ឋាគារភ្នំពេញ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ និងលើកទី២ គឺនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ ក្រោមកិច្ចសហការរវាងក្រសួងព័ត៌មាន និងអង្គការសុខភាពពិភពលោក(WHO) ក្នុងគោលបំណងជួយ អប់រំនិងផ្សព្វផ្សាយបន្តជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងពីសារៈសំខាន់ៗក្នុងការទទួលទានម្ហូមអាហារប្រកបដោយអនាម័យ និងដើម្បីបានសុខភាពល្អប្រសើរនិងមានអាយុវែងព្រមជាមួយកម្លាំងកាយមាំមួន៕

ប្រភព៖ ​ក្រសួងព័ត៌មាន

Share.

Comments are closed.