ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយថា ជំងឺរាតត្បាត និងភាពអត់ឃ្លាន ហាក់ដូចជា “ចៀសមិនរួចឡើយ” នៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រៅផ្លូវការមួយទៅកាន់បណ្តាប្រទេសនៅអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ បន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា លោក Volker Türk បាននិយាយថា ការខ្វះខាតប្រេងឥន្ធនៈនឹងមានផលប៉ះពាល់ជា “មហន្តរាយ” នៅទូទាំងតំបន់ហ្គាហ្សា ហើយវានឹងនាំទៅដល់ការដួលរលំនៃប្រព័ន្ធអនាម័យ និងការថែទាំសុខភាព។

លោកបានសង្កត់ធ្ងន់ថា “ការរីករាលដាលនៃជំងឺឆ្លង និងភាពអត់ឃ្លាន ហាក់ដូចជាចៀសមិនរួចទេ”។ ចំណែកឯអង្គការសុខភាពពិភពលោកក៏បានព្រមានអំពី “និន្នាការគួរឱ្យព្រួយបារម្ភ” ក្នុងការរីករាលដាលនៃជំងឺនៅតំបន់ហ្គាហ្សាដោយនិយាយថា មានចំនួនករណីជំងឺរាគរូសខ្ពស់ខុសពីធម្មតា។ លោក Volker និយាយថា សន្តិភាពយូរអង្វែងគឺមិនអាចទៅរួចទេ បើគ្មានការបញ្ចប់ការរំលោភសិទ្ធិមនុស្សដែលកំពុងបន្ត និងបានពណ៌នាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលថា មាន”ភាពខ្លាំងក្លាដែលកម្រឃើញក្នុងសតវត្សរ៍នេះ” ជាមួយនឹងការព្រួយបារម្ភអំពីការបង្កើនអំពើហិង្សា និងការរើសអើងប្រឆាំងនឹងប៉ាឡេស្ទីននៅក្នុងតំបន់ West Bank រួមទាំងក្រុងហ្សេរុយសាឡឹមខាងកើតផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.