ក្រសួងការពារជាតិស្លូវ៉ាគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី លោក រ៉ូបឺត កាលីនីអាក បានជូនដំណឹងដល់អគ្គលេខាធិការអង្គការណាតូ លោក ជែនស៍ ស្តូលធែនបឺក ថា ប្រទេសរបស់លោកនឹងមិនផ្គត់ផ្គង់សព្វាវុធ និងគ្រាប់រំសេវដល់ប្រទេសអ៊ុយក្រែនទៀតទេ។

ក្រសួងការពារជាតិបាននិយាយថា «រដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី លោក រ៉ូបឺត កាលីននីអាក បានជួបជាមួយអគ្គលេខាធិការអង្គការណាតូ លោក ជែនស៍ ស្តូលធែនបឺក នៅទីក្រុងប្រ៊ុចសែល ដោយលោកបានជូនដំណឹងអំពីការបញ្ចប់ជំនួយយោធាដល់អ៊ុយក្រែនដែលបានផ្តល់ពីឃ្លាំងនៃកងកម្លាំងប្រដាប់អាវុធ [ស្លូវ៉ាគី]»។ សេចក្តីថ្លែងការណ៍នោះបានចង្អុលបង្ហាញថា «ទោះជាយ៉ាងណាក៏ដោយ ប្រទេសស្លូវ៉ាគីនៅតែបន្តផ្តល់ [អ៊ុយក្រែន] នូវជំនួយមនុស្សធម៌ និងជំនួយបច្ចេកទេសយ៉ាងទូលំទូលាយ ដោយមិនបណ្តាលឱ្យមានអ្នកស្លាប់នោះទេ»។

សេចក្តីសម្រេចបញ្ឈប់ការបញ្ជូនជំនួយយោធាទៅកាន់ប្រទេសអ៊ុយក្រែននោះ ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូបឺត ហ្វ៊ីកូ ដែលចូលកាន់តំណែងនៅថ្ងៃទី២៥ ខែតុលា។ អាជ្ញាធរមិនរារាំងអ្នកម៉ៅការយោធាឯកជនពីការផ្គត់ផ្គង់សព្វាវុធ និងគ្រាប់រំសេវដល់ទីក្រុងកៀវឡើយ។ យោងតាមក្រសួងការពារជាតិបានឱ្យដឹងថា ដៃគូអង្គការណាតូរបស់ប្រទេសនេះ គោរពសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីស្លូវ៉ាគី ដែលទើបនឹងបង្កើតឡើងនេះ៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.