ប្រទេសម៉ាឡេស៊ី និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការរត់ពន្ធគ្រឿងញៀនឆ្លងដែនកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សេវាគយកូរ៉េ (KCS)។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ការឯកភាពគ្នានេះត្រូវសម្រេចបាននៅក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយរវាងស្នងការរង KCS លោក លី ម្យឹងគូ និងភារធារីម៉ាឡេស៊ីប្រចាំនៅទីក្រុងសេអ៊ូល លោក ណាហ្សារូឌីន ចាហ្វា កាលពីព្រឹកម្សិលមិញ។

នៅក្នុងកិច្ចប្រជុំនោះ លោក លី បានស្នើឱ្យអ្នកការទូតម៉ាឡេស៊ី ចាត់វិធានការកាន់តែខ្លាំងថែមទៀត ដើម្បីទប់ស្កាត់ការប៉ុនប៉ងរត់ពន្ធគ្រឿងញៀន ដោយបង្កើនការត្រួតពិនិត្យសន្តិសុខ និងការចែករំលែកព័ត៌មាន។

សម្រាប់ភាគីម៉ាឡេស៊ី លោក ណាហ្សារូឌីន ចាហ្វា បាននិយាយថា ប្រទេសរបស់លោកកំពុងឃ្លាំមើលយ៉ាងដិតដល់នូវនិន្នាការថ្មីៗ ហើយបានប្តេជ្ញាថានឹងសហការជាមួយអាជ្ញាធរកូរ៉េខាងត្បូង ដើម្បីទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀន។

យោងតាម KCS បានឱ្យដឹងថា ចំនួនគ្រឿងញៀនដែលរឹបអូសបានមុនពេលត្រូវបានរត់ពន្ធចូលទៅក្នុងប្រទេសកូរ៉េខាងត្បូងពីប្រទេសម៉ាឡេស៊ី បានកើនឡើងដល់ ៨៩គីឡូក្រាម គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា បើធៀបទៅនឹងចំនួនត្រឹមតែ ៧គីឡូក្រាមសម្រាប់ឆ្នាំ២០២២។

គ្រឿងញៀនដែលរឹបអូសបានពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បានកើនឡើងដល់ទៅ ៣៣១គីឡូក្រាមក្នុងរយៈពេលត្រួតពិនិត្យ បើធៀបទៅនឹងឆ្នាំមុនដែលមានចំនួន ៥២៣គីឡូក្រាម។

កាលពីខែមុន ប្រទេសកូរ៉េខាងត្បូងបានដាក់ចេញនូវក្រុមការងារមួយ ស្តីពីការបង្ការ និងការលុបបំបាត់ការជួញដូរគ្រឿងញៀន ហើយបានព្យាយាមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសធំៗសម្រាប់កិច្ចខិតខំប្រឹងប្រែងមួយនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.