លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកទឹកចិត្តដល់សមាគមស្រ្តីកម្ពុជាក៏ដូចជាសហគ្រិនស្រ្តីទាំងអស់បន្តរៀបចំកម្មវិធីនេះជាប្រចាំ និងបន្តធ្វើការឱ្យស្អិតរមួតជាមួយក្រសួង ស្ថាប័ន អាជ្ញាធរសមត្ថកិច្ចរក្សាឱ្យបាននូវកិច្ចសហការកាន់តែប្រសើរជាពិសេសបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់សមភាពយេនឌ័រ។ ការលើកឡើងនេះ ក្នុងការបិទកម្មវិធី ”ទិវាសហគ្រិនស្រ្តីកម្ពុជា ឆ្នាំ២០២៣” ក្រោមប្រធានបទ៖ “បញ្ហាប្រឈមរបស់សហគ្រិនស្រ្តីលើកាតព្វកិច្ចបង់ពន្ធ និងទស្សនវិស័យនាពេលអនាគត” ដែលរៀបចំដោយសមាគមសហគ្រិនស្រ្តីកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។ ក្នុងកម្មវិធីបើក ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ គ្រី ណាលីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវឧកញ្ញ៉ាមហាឧបាសិកា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញ៉ា ឧកញ្ញ៉ា សមាជិកសមាជិកា ក្រុមប្រឹក្សាភិបាល និងសមាគមស្រ្តីកម្ពុជាជាច្រើនរូប។ លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអបអរសារទរ និងកោតសរសើរដល់សមាគមសហគ្រិនស្រ្ដីកម្ពុជាដែលបានសហការរួបរួមគ្នា ក្នុងការបង្កើតអាជីវកម្មដល់សហគ្រិនស្រ្ដី ជាពិសេសសហគ្រាសខ្នាតតូច និងមធម្យម SMEs ។ លោកជំទាវរដ្ឋលេខាធិការក៏បានគាំទ្រចំពោះការរៀបចំកម្មវិធីនេះ ហើយស្នើឱ្យសមាគមសហគ្រិនស្រ្តីកម្ពុជាឱ្យបន្ដរៀបចំកម្មវិធីនេះទៀតជារៀងរាល់ឆ្នាំ ដើម្បីចែករំលែកនូវបទពិសោធន៍ ក៏ដូចជាចំណេះដឹងល្អៗពីវាគ្មិនដែលបានចូលរួមក្នុងកម្មវិធីនេះ។

លោកជំទាវឧកញ្ញ៉ាមហាឧបាសិកា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាបានថ្លែងថា ការរៀបចំទិវាសហគ្រិនស្រ្ដីកម្ពុជាលើកទី៤នេះ ក្នុងគោលបំណង ដើម្បីអបអរសាទរសហគ្រិនស្ត្រីទូទាំងប្រទេស នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីបណ្ដាសហគ្រិនស្ត្រីទូទាំងប្រទេសកម្ពុជា និងតំណាងសមាគមសហគ្រិនស្ត្រីពីគ្រប់តំបន់។ លោកជំទាវឧកញ៉ាបន្ដថា សមាគមសហគ្រិនស្ត្រីកម្ពុជា កំពុងបន្តធ្វើការងារឆ្ពោះទៅមុខ ដើម្បីផ្ដល់ឱកាសដល់ប្រព័ន្ធអេកូឡូស៊ី (ecosystem) របស់សេដ្ឋកិច្ចស្ត្រីជាធុរជន និងធ្វើឱ្យរឹតតែល្អប្រសើរឡើងនូវលទ្ធភាពជោគជ័យរបស់អាជីវកម្មនានាក្នុងសហគមន៍ តាមរយៈការបង្កើតវេទិកានានា ដើម្បីអភិវឌ្ឍន៍សកម្មភាពក្នុងភាពជាសហគ្រិន។ ជាមួយគ្នានេះ លោកជំទាវឧកញ៉ាបានអះអាងដែរថា សមាគមសហគ្រិនស្ត្រីកម្ពុជា ជាអ្នកតំណាងសំឡេងសហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជា និងតែងតែដើរតួយ៉ាងសំខាន់នៅក្នុងវិភាគទានជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតគោលនយោបាយរួម។ ក្នុងឱកាសនោះដែរ លោកជំទាវឧកញ៉ាមហាឧបាសិកា កែវ មុំ ក៏បានថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ាគួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នផ្ដល់សេវាអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងមានបុត្រសម្ពន្ធគឺ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) ដែលជាអ្នកឧបត្ថម្ភធំក្នុងកម្មវិធីនេះ និងអ្នកចូលរួមឧបត្ថម្ភផ្សេងៗទៀតផងដែរដូចជាធនាគារ ACLEDA, ធនាគារ CANADIA, ផ្សារទំនើប CHIPMONG MALL, 3S consultant, Bayon Bakary ជាដើម។ លោកជំទាវ ម៉ម ដាត្ថាលីណែត អនុប្រធានសមាគមសហគ្រិនស្រ្ដីកម្ពុជាបានគូសបញ្ជាក់ថា ទិវាសហគ្រិនស្រ្ដីកម្ពុជានេះ ត្រូវបានប្រារព្ធធ្វើឡើងជាសកល ដើម្បីពង្រឹងភាពអង់អាចដល់ស្រ្ដី និងយុវតីឱ្យចូលរួមយ៉ាងសកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច តាមរយៈការកសាងបណ្ដាញអ្នកដឹកនាំស្រ្ដី អ្នកច្នៃប្រឌិត និងសហគ្រិន ដើម្បីផ្ដួចផ្ដើមអាជីវកម្ម ជំរុញសកម្មភាពសេដ្ឋកិច្ច និងពង្រីកសហគមន៍អាជីវកម្មជុំវិញពិភពលោក។ ដោយឡែក ដើម្បីសម្រេចបាននូវគោលដៅដ៏មហិច្ឆតានេះ ទិវាសហគ្រិនស្រ្ដីកម្ពុជាបានបង្កើត និងជំរុញបណ្ដាញសំខាន់ៗជាបុគ្គលនិងអាជីវកម្មដែលដឹកនាំដោយស្ត្រីកម្ពុជា ដើម្បីបានដឹងពីសក្តានុពលពេញលេញរបស់ស្ត្រី និងការផ្លាស់ប្ដូរពិភពលោក។ លោកជំទាវបានបញ្ជាក់ទៀតថា ទិវាសហគ្រិនស្ត្រីកម្ពុជាឆ្នាំនេះ យើងប្រារព្ធឡើងក្រោមមូលបទ៖ “បញ្ហាប្រឈមរបស់សហគ្រិនស្ត្រីលើកាតព្វកិច្ចបង់ពន្ធដារ និងទស្សនវិស័យពេលអនាគត” ដើម្បីដោះស្រាយបញ្ហាប្រឈមនៃកាតព្វកិច្ចបង់ពន្ធដារ និងការធ្លាក់ចុះសេដ្ឋកិច្ចសកលដែលប៉ះពាល់ធ្ងន់ធ្ងរមកលើសហគ្រិនស្រ្តីដោយផ្ដោតលើបរិបទសង្គមសេដ្ឋកិច្ចដែលមានទំនាក់ទំនងជាមួយភាពជាសហគ្រិន និងការកសាងទំនុកចិត្តរបស់សហគ្រិនស្ត្រី។

លោកជំទាវអនុប្រធានសមាគមសហគ្រិនស្រ្ដីកម្ពុជាបានឱ្យដឹងទៀតថា ទិវាសហគ្រិនស្ត្រីកម្ពុជាថ្ងៃនេះ បានផ្ដល់នូវឱកាសទៅដល់អ្នកចូលរួមទាំងអស់ ជាពិសេសសហគ្រិនស្ត្រីបានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងអាជីវកម្ម ភាពជោគជ័យ និងរៀនសូត្រនូវការអនុវត្តជាក់ស្ដែងពីសហគ្រិនឆ្នើម ក៏ដូចជាវាគ្មិនកិត្តិយសល្បីៗដែលបានអញ្ជើញមកពីស្ថាប័នធនាគារវិស័យឯកជន សភាពាណិជ្ជកម្មកម្ពុជា និងក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវ ម៉ម ដាត្ថាលីណែត បានបន្ថែមថា ទិវាសហគ្រិនស្ត្រីកម្ពុជាឆ្នាំនេះ យើងប្រារព្ធឡើងក្រោម មូលបទ៖ “បញ្ហាប្រឈមរបស់សហគ្រិនស្ត្រីលើកាតព្វកិច្ចបង់ពន្ធដារ និងទស្សនវិស័យពេលអនាគត” ដើម្បីដោះស្រាយបញ្ហាប្រឈមនៃកាតព្វកិច្ចបង់ពន្ធដារ និងការធ្លាក់ចុះសេដ្ឋកិច្ចសកលដែលប៉ះពាល់ធ្ងន់ធ្ងរមកលើសហគ្រិនស្រ្តីដោយផ្ដោតលើបរិបទសង្គមសេដ្ឋកិច្ចដែលមានទំនាក់ទំនងជាមួយភាពជាសហគ្រិន និងការកសាងទំនុកចិត្តរបស់សហគ្រិនស្ត្រី។ លោកជំទាវបានថ្លែងឱ្យដឹងផងដែរថា ទិវាថ្ងៃនេះ បានផ្ដល់នូវឱកាសទៅដល់អ្នកចូលរួមទាំងអស់ ជាពិសេសសហគ្រិនស្ត្រី បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងអាជីវកម្ម ភាពជោគជ័យ និងរៀនសូត្រនូវការអនុវត្តជាក់ស្ដែងពីសហគ្រិនឆ្នើម ក៏ដូចជាវាគ្មិនកិត្តិយសល្បីៗដែលបានអញ្ជើញមកពីស្ថាប័នធនាគារ វិស័យឯកជន សភាពាណិជ្ជកម្មកម្ពុជា និងក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបជូនថា ទិវាសហគ្រិនស្រ្ដីកម្ពុជានេះដែរ មានសមាសភាពចូលរួមតំណាងពីក្រសួងពាណិជ្ជកម្ម, ក្រសួងកិច្ចការនារី, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍, សភាពាណិជ្ជកម្មកម្ពុជា, អង្គការ សមាគម ដៃគូអភិវឌ្ឍន៍ វិនិយោគិន ពាណិជ្ជករ សហគ្រិន ភ្ញៀវជាតិ និងអន្ដរជាតិ។ ទន្ទឹមនេះ ការរៀបចំផ្សព្វផ្សាយ និងការតាំងពិព័រណ៍ផលិតផលរបស់សហគ្រិនស្រ្ដីកម្ពុជា ដែលមានក្រុមហ៊ុន៥៣ បានតាំងបង្ហាញផលិតផលជូនដល់ភ្ញៀវប្រមាណជាង១ពាន់នាក់ ដែលបានចូលរួមទស្សនា និងទិញផលិតផលក្នុងរយៈពេល១ថ្ងៃពេញ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.