លោក Antony Blinken រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបាននិយាយថា លោកបានចែករំលែកក្តីបារម្ភជាមួយសមភាគីកូរ៉េខាងត្បូងអំពីការកើនឡើងនូវទំនាក់ទំនងយោធារវាងរុស្សុី និងកូរ៉េខាងជើង ដែលពាក់ព័ន្ធនឹងលំហូរអាវុធ និងជំនួយបច្ចេកទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានReuters។

លោក Blinken និងលោក Park Jin រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងក៏បានពិភាក្សាអំពីការស្វែងរកយុទ្ធសាស្ត្រទប់ស្កាត់ ចំពោះការរគំរាមកំហែងពីកូរ៉េខាងជើងដែលអាចសំដៅដល់ការប្រើប្រាស់សម្ភារៈយោធាអាមេរិក រួមទាំងកងកម្លាំងនុយក្លេអ៊ែរ សម្រាប់ការការពារពីការវាយប្រហារណាមួយ និងការកែលម្អកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូងជាមួយជប៉ុន។

ថ្លែងចេញពីរដ្ឋធានីសេអ៊ូល លោក Blinken បានបញ្ជាក់ថា “បើនិយាយពីការគាំទ្រដែលរុស្សុីអាចនឹងផ្តល់ឱ្យកូរ៉េខាងជើងនោះ ជាអ្វីដែលយើងកំពុងតាមដានយ៉ាងដិតដល់បំផុត។ យើងពិតជាមានការព្រួយបារម្ភចំពោះរាល់ការគាំទ្រនានាសម្រាប់កម្មវិធីមីស៉ីលបាលីស្ទីក បច្ចេកវិទ្យានុយក្លេអ៊ែរ ការអភិវឌ្ឍសមត្ថភាពអវកាស ហើយយើងកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណដើម្បីលាតត្រដាង និងដើម្បីប្រឆាំងរាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់នោះ”។

គួរបញ្ជាក់ថា កូរ៉េខាងជើងនិងរុស្ស៉ី បានបដិសេធកិច្ចព្រមព្រៀងសព្វាវុធណាមួយ ទោះបីជាមេដឹកនាំប្រទេសទាំងពីរបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធក្នុងពេលជួបគ្នាកាលពីខែកញ្ញាក៏ដោយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.