ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនរវាងប្រទេសកម្ពុជា និងឡាវ ដែលជាប្រទេសមានភូមិផងរបងជាប់គ្នា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងឯកឧត្តម Ngampasong Muongmany រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ បានជួបពិភាក្សាទ្វេភាគី ដែលជំនួបនេះបានប្រព្រឹត្តទៅកាលពីថ្ងៃសុក្រទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីក្រុងហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ឯកឧត្តមរដ្ឋមន្រ្តីដឹកជញ្ជូនឡាវ បានស្នើឱ្យភាគីកម្ពុជា ពិនិត្យ ពិចារណាទៅលើការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើនការកែលម្អច្រករបៀងដឹកជញ្ជូន និងបង្កើនរំហូរទំនិញ-ទេសចរណ៍-សេវា រវាងប្រទេសពីរ ឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែកជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ភាគីឡាវ ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ ពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ហើយដែលការតភ្ជាប់នេះគឺស្របទៅតាមផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣៣ ដែលរាជរដ្ឋាភិបាលកម្ពុជាទើបបានអនុម័តកាលពីពេលថ្មីៗនេះផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប បានឯកភាពគ្នាបង្កលក្ខណៈងាយស្រួលទៅវិញទៅមកដើម្បីបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសការអនុវត្តគម្រោងនានាដែលនឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជូនប្រជាពលរដ្ឋប្រទេសទាំងពីរ៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.