ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូអញ្ជើញចុះពិនិត្យដំណើរការសំណេរនៅមណ្ឌលប្រឡងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ នៃដំណើរការសំណេរ ខណៈដែរស្ថានភាពនៅមណ្ឌលប្រឡងមានបរិយាកាសស្ងប់ស្ងាត់ល្អ។

ប្រភពពីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នាព្រឹកព្រលឹម ថ្ងៃទី ២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ នេះដែរ មានការដឹកហឹបវិញ្ញាសាបេក្ខជន ពីសាលារាជធានី ខេត្ត និងសាលា ស្រុក ទៅកាន់មណ្ឌលប្រឡងទាំងអស់ ដោយមានការពិនិត្យ ដោយគណៈមេប្រយោគ ទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល រួមជាមួយនឹងមន្ត្រីពាក់ព័ន្ធ ក្រោមការត្រួតពិនិត្យ ដោយអង្គភាពប្រឆាំងអំពើពុក រលួយ ។

ក្រសួងអប់រំ ក៏បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាព ផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជន នឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១ ដំណើរការបានល្អ និងដោយរលូន ហើយមិនមានបាតុភាព មិនប្រក្រតី ធំដុំកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ដោយសារតែបេក្ខជន គោរពតាម បទប្បញ្ញត្តិ ដែលក្រសួងបានដាក់ចេញ ចំណែកមន្ដ្រីអប់រំ គ្រប់លំដាប់ថ្នាក់ អនុវត្តការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពតាមកម្រងភារកិច្ច និងសេចក្ដីណែនាំ បច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.