សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា កត្ដាសន្ដិភាពបានកែច្នៃគ្រាប់ពេជ្រឱ្យកាន់តែមានតម្លៃ ដើម្បីផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ គ្រាប់ពេជ្រនេះត្រូវបានសម្តេចធិបតីប្រៀបប្រដូចទៅនឹងខេត្តព្រះសីហនុ ដែលជាខេត្តដែលមានសក្តានុពលយ៉ាងសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បែបនេះ ក្នុងឱកាសអញ្ជើញបន្ដចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ប្រមាណ ១៥,១៩៤ នាក់ ក្នុងនោះមានកម្មការិនីមានផ្ទៃពោះចំនួន ៤៨២នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសខេមបូឌា ចេជាង ហ្គ័រជី អេសអ៊ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះ ។

សម្តេចមហាបវរធិបតីបានបញ្ជាក់ថា ខេត្តព្រះសីហនុជាខេត្តមានសក្តានុពលពីធម្មជាតិ ប៉ុន្តែជាពេជ្រមិនទាន់ច្នៃច្រើននោះទេ ដើម្បីច្នៃពេជ្រនេះឱ្យកាន់តែមានតម្លៃ វាអាស្រ័យលើកត្តាសុខសន្តិភាព និងស្ថិរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយចំនួន ៣ ដើម្បីបម្រើដល់ការអភិវឌ្ឍគឺ ការបញ្ចប់សង្រ្គាមឱ្យមានគោលនយោបាយឈ្នះ-ឈ្នះ គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងគោលនយោបាយការទូត។

សម្ដេចធិបតីបន្ដថា ផលដែលបាន មកពីពេជ្រដែលច្នៃហើយ គឺបានចែកជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា មិនមែនយកមកដាក់ទូ ដាក់តាំងឱ្យតែថ្នាក់ដឹកនាំនោះទេ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.