ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័ន Smithsonlan ដើម្បីធ្វើកិច្ចសហប្រតិបត្តិការទៅលើការអភិវឌ្ឍវិជ្ជាជីវៈក្នុងការគ្រប់គ្រងបេតិកភណ្ឌ បង្កើនការចែករំលែកព័ត៌មាន និងផ្សព្វផ្សាយវប្បធម៌កម្ពុជា។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងថា ឆ្នាំនេះជាពេលដ៏សំខាន់មួយដែលកម្ពុជាបានទទួលមកវិញនូវវត្ថុបុរាណយ៉ាងច្រើន ដែលរាប់បញ្ចូលមាសរបស់រាជវង្ស ក៏ដូចជាការត្រឡប់មកវិញតាមរយៈកិច្ចសហការវាង សារមន្ទីរនិងសារមន្ទីរ។ អនុស្សរណៈនៃការយោគយល់គ្នានេះ ចាត់ទុកជាទំព័រថ្មីមួយយ៉ាងសំខាន់សម្រាប់កម្ពុជា។

លោកជំទាវ បានជឿជាក់ថា ស្ថាប័ន Smithsonian ជាស្ថាប័នគំរូ ដែលបានសម្រេចប្រគល់មកវិញប្រកបដោយក្រមសីលធម៌ និងបានចូលរួមកិច្ចការស្រាវជ្រាវភស្តុតាងនានា ហើយអនុស្សរណៈនៃការយោគយល់គ្នានេះក៏ជាឱកាស សម្រាប់កម្ពុជាក្នុងការបន្តក្លាយជាប្រទេសនាំមុខមួយលើពិភពលោក ពាក់ព័ន្ធនឹងកិច្ចការទាមទារនិង ការប្រមូលមកវិញនូវទ្រព្យសម្បត្តិជាតិដែលត្រូវបានលួចចេញពីប្រទេសនាពេលកន្លងមក។

ឯកឧត្តម Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងថា ប្រទេសយើងទាំងពីរទទួលស្គាល់តម្លៃវប្បធម៌ ក្នុងការធ្វើឱ្យមនុស្សមានការរួបរួមគ្នា និងបណ្តុះមោទនភាពក្នុងអត្តសញ្ញាណនិង បេតិកភណ្ឌ។ កិច្ចព្រមព្រៀងនេះ បង្ហាញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហរដ្ឋអាមេរិកក្នុងការ អភិរក្សវប្បធម៌របស់កម្ពុជា»។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងការបង្កើនសមត្ថភាពបុគ្គលិកសារមន្ទីរ តាមរយៈការផ្លាស់ប្ដូរការសម្របសម្រួលផ្ដល់ប្រឹក្សាលើការគ្រប់គ្រងសារមន្ទីរ ការផ្ដល់កម្ចីវត្ថុបុរាណ និងការផ្លាស់ប្តូរពិព័រណ៍និងវត្ថុផ្សេងៗ ក៏ដូចជាការសហការលើកិច្ចការស្រាវជ្រាវ។

ជាមួយគ្នានេះអនុស្សរណៈនេះ នឹងពង្រឹងកិច្ចសហការរវាងកម្ពុជា និងសហរដ្ឋអាមេរិកលើការអភិរក្សបេតិកភណ្ឌ វប្បធម៌ និងប្រឆាំងការជួញដូរដោយខុសច្បាប់នូវវត្ថុបុរាណ ដែលជាដួងព្រលឹងជាតិខ្មែរហើយការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា គឺជាសក្ខីភាពមួយទៀតបញ្ជាក់ពីភាព រឹងមាំរវាងកម្ពុជា-អាមេរិកនៃកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ដែលរាប់បញ្ចូលនូវកិច្ចប្រឹងប្រែង អភិរក្សនិងស្តារឡើងវិញបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា និងកាត់បន្ថយការលួចវត្ថុបុរាណ ដ៏មានតម្លៃមហាសាលដែលគ្មានអ្វីអាចជំនួសបាន។

ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកបានសម្របសម្រួលប្រគល់វត្ថុបុរាណ ដែលមានតម្លៃមិនអាចកាត់ថ្លៃបានចំនួនជាង ១០០ដុំ មកកាន់កម្ពុជាវិញ ក៏ដូចជាបានផ្ដល់ថវិកា និងការបណ្តុះបណ្តាលសមត្ថភាពជនជាតិខ្មែរ ដើម្បីការពារ អភិរក្ស និងស្តារឡើងវិញនូវបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។

គួរបញ្ជាក់ថា ការបន្ដអនុស្សរណៈនៃការយោគយល់គ្នាលើកទី៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ទាក់ទង «ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យានៃកម្ពុជា» ត្រូវបានចុះហត្ថលេខានៅខែសីហាកន្លងទៅថ្មីៗនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.