កិច្ចចរចាទៅលើកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ត្រូវបានចាប់ផ្តើមធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AECC) លើកទី២៣ នៅទីក្រុងហ្សាការតា ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងចំណោមប្រទេសជាសមាជិកអាស៊ានក្នុងការលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្រោយព្រឹត្តិការណ៍នោះ រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក អ៊ែរឡាងហ្កា ហាតាតូ បាននិយាយថា វាគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជាជំហានដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋជាសមាជិកអាស៊ាន ដើម្បីទាញយកសក្តានុពលដ៏អស្ចារ្យនៃសេដ្ឋកិច្ចឌីជីថល។

លោកបាននិយាយថា វាក៏ជាវេទិកាសេដ្ឋកិច្ចឌីជីថលអាស៊ានដែលមានសុវត្ថិភាព និងមានការតភ្ជាប់មួយ ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីដឹកនាំសហគមន៍ឌីជីថល និងលើកកម្ពស់អំណាចសេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើន។

លោក អ៊ែរឡាងហ្កា បានសង្កត់ធ្ងន់ថា ប្រសិនបើអនុវត្តនៅក្នុងឆ្នាំ២០២៥ កិច្ចព្រមព្រៀង DEFA នឹងបង្កើនសក្តានុពលសេដ្ឋកិច្ចឌីជីថលរបស់អាស៊ានឱ្យដល់ ២ទ្រីលានដុល្លារអាម៉េរិកនៅត្រឹមឆ្នាំ២០៣០ ពីកម្រិតធម្មតាដែលមានចំនួន ១ទ្រីលានដុល្លារអាម៉េរិក។

លោកបាននិយាយថា ដោយផ្តល់ជូននូវផែនទីបង្ហាញផ្លូវដ៏ទូលំទូលាយ កិច្ចព្រមព្រៀង DEFA ស្វែងរកការផ្តល់សិទ្ធិអំណាចដល់ក្រុមហ៊ុនធុរកិច្ច និងអ្នកពាក់ព័ន្ធក្នុងតំបន់ ដោយលើកកម្ពស់កំណើនពាណិជ្ជកម្ម បង្កើនអន្តរប្រតិបត្តិការ បង្កើតបរិយាកាសអនឡាញប្រកបដោយសុវត្ថិភាព និងជំរុញការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យម (MSMES)។

កាលពីក្នុងកិច្ចប្រជុំលើកមុន បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានពិភាក្សាគ្នាអំពីស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននៅក្នុងតំបន់ និងពិភពលោក ព្រមទាំងបញ្ហាសំខាន់ៗ ដូចជាបញ្ហាភូមិសាស្ត្រនយោបាយ ការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ ការផ្លាស់ប្តូរបៃតង នវានុវត្តន៍ឌីជីថល និងកំណើនប្រកបដោយបរិយាប័ន្ន៕

​ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.