ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ហ្វីលីពីន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូ-ធុនតូច និងមធ្យម នៃប្រទេសទាំងពីរ។

អនុស្សរណៈយោគយល់គ្នាស្តីពីភាពជាដៃគូក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន ត្រូវបានចុះហត្ថលេខាដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោក ចូហ្សេ ម៉ា អេ ខនសិបសិន (JOSE MA. A CONCEPCION III) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ហ្វីលីន នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមអធិបតី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម FERDINAND “BONGBONG” ROMUALDEZ MARCOS JR. ប្រធានាធិបតីហ្វីលីពីន។

យោងតាមប្រភពពីសភាពាណិជ្ជកម្មកម្ពុជា អនុស្សរណៈយោគយល់គ្នានេះ ផ្តោតជាសំខាន់លើការពិនិត្យលទ្ធភាពរួមគ្នា៖ ១) សិក្សានិងបង្កើតច្រកបង្រៀនអំពីកសិកម្មប្រកបដោយសក្តានុពល បច្ចេកវិទ្យាកសិកម្ម សន្តិសុខស្បៀង ម៉ូឌែលធុរកិច្ច កសិសហគ្រិន និងការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃ របស់កសិករ សហគ្រាស និងស្ថាប័នរដ្ឋ ទាំងតូច មធ្យម និងធំ។ ២) កំណត់នូវតម្រូវការធុរកិច្ច ដើម្បីអភិវឌ្ឍកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគក្នុងវិស័យស្រូវអង្ករ និងផលិតផល និងសេវាកម្មកសិកម្មផ្សេងទៀត។ ៣) លើកកម្ពស់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ស្រូវអង្ករ។ ៤) ជំរុញយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងធានានូវបរិយាកាសកសិធុរកិច្ចប្រកបដោយចីរភាព។

អនុស្សរណៈយោគយល់គ្នានេះ ក៏បានចែងថា ភាគីទាំងពីរ នឹងកំណត់លក្ខខណ្ឌសមស្របដើម្បីសិក្សាបង្កើតគម្រោងរួម៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.