ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធា​រ​ណ​រដ្ឋ​ឥ​ណ្ឌូនេស៊ី បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចមហាបវរធិបតី ដែលត្រូ​វបា​ន​ជ្រើ​សតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា និង បាន​ផ្តាំ​ផ្ញើ​ការសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹកដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចតេជោ ប្រធា​នក្រុ​ម​ឧ​ត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងនាមជាមិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់ ឯកឧត្តម និង រប​ស់​សា​ធា​រ​ណរដ្ឋឥណ្ឌូនេស៊ី។

ការសម្តែងនូវការអបអរសាទរនេះ ធ្វើឡើង ក្នុងជំនួបទ្វេភាគីរវាង សម្តេចម​ហា​ប​វ​រ​ធិ​ប​តី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា និង ឯកឧត្តម ចូកូ វីដូដូ ប្រ​ធា​នា​ធិ​​បតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅល្ងាចថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព​.​ស​​.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃប្រ​ទេស​ឥណ្ឌូណេ​ស៊ី​។ ជាការឆ្លើយតប, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែងអំណ​រគុ​ណយ៉ា​ង​ជ្រា​ល​ជ្រៅ ចំ​ពោះ​កា​រអបអរសាទរ និង ការផ្តាំផ្ញើសួរសុខទុក្ខនេះ ហើយ សម្តេចមហាបវរធិបតី ក៏​បា​​នកោតសរសើរផងដែរចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ប្រទេស និង ប្រ​ជាជ​ន​ឥ​ណ្ឌូ​​នេ​ស៊ី ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និង កិច្ចប្រ​ជុំកំ​ពូ​ល​ពា​ក់​ព័​ន្ធ​។

បន្ទាប់ពីការអបអរសាទរ និង កិច្ចស្វាគមន៍ទៅវិញទៅមក, ថ្នាក់ដឹ​កនាំទាំ​ងពី​រក៏​បា​ន​ពិ​ភា​​ក្សា​បន្ថែមអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធកន្លងមករវាងកម្ពុជា និង ឥណ្ឌូនេស៊ី ជា​ពិ​សេ​ស ក្នុងទិដ្ឋភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការបណ្តុះបណ្តាលធនធានមនុស្ស និង ការ​ប្រយុ​ទ្ធ​ប្រ​ឆាំងភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែន ជាដើម ។ ក្នុងន័យនេះ, ថ្នា​ក់ដឹក​នាំទាំ​ងពី​រ​បា​ន​ឯក​ភា​ព​គ្នាក្នុងការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ឥណ្ឌូនេស៊ី ឱ្យ​កា​ន់​តែ​ស្អិ​តរមួតបន្ថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.