ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើងបានធ្វើសមយុទ្ធមួយសម្រាប់ «ការវាយប្រហារនុយក្លេអ៊ែរតាមបែបយុទ្ធសាស្ត្រ» នៅមួយថ្ងៃបន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលផ្លោង បន្ទាប់ពីការធ្វើសមយុទ្ធរួមគ្នាមួយដ៏ធំរវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបជាច្រើនគ្រាប់ឆ្ពោះទៅសមុទ្រលឿងនៅវេលាម៉ោងប្រហែល ៤:០០ទៀបភ្លឺ។ ការបាញ់នេះបានធ្វើឡើងនៅពីរថ្ងៃបន្ទាប់ពីសម្ព័ន្ធមិត្តបានបញ្ចប់ការធ្វើសមយុទ្ធរួមដែលមានឈ្មោះថា Ulchi Freedom Shield ដែលមានរយៈពេល ១១ថ្ងៃ ដែលទីក្រុងព្យុងយ៉ាងបានបរិហារថាជាការហាត់សមសម្រាប់ការឈ្លានពាន។

ប្រទេសកូរ៉េខាងជើងបានអះអាងថា «បេសកកម្មវាយប្រហារនុយក្លេអ៊ែរ» ត្រូវបានធ្វើឡើង «ដោយជោគជ័យ» ដោយគ្រាប់មីស៊ីលហោះបានចម្ងាយ ១.៥០០គីឡូម៉ែត្រក្នុងរយៈពេល ៧.៦៧២វិនាទី ដល់ ៧.៦៨១វិនាទីរៀងៗខ្លួន និងបំផ្ទុះនៅរយៈកម្ពស់ដែលបានកំណត់ទុកជាមុន គឺ ១៥០ម៉ែត្រពីលើគោលដៅ។

យោធាកូរ៉េខាងត្បូងបានសម្តែងការមន្ទិលសង្ស័យទៅលើការអះអាងរបស់កូរ៉េខាងជើងថា ខ្លួនបានអនុវត្តដោយជោគជ័យនូវបេសកកម្មវាយប្រហារនុយក្លេអ៊ែរតាមបែបយុទ្ធសាស្ត្ររបស់ខ្លួន។

នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ ទីភ្នាក់ងារ KCNA បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យរោងចក្រ Pukjung Machine Complex ដែលជារោងចក្រផលិតនាវាដ៏ធំមួយ និងរោងចក្រគ្រាប់រំសេវដ៏ធំមួយ ហើយបានសង្កត់ធ្ងន់ទៅលើតួនាទីរបស់ពួកគេក្នុងការពង្រឹងសមត្ថភាពយោធារបស់ប្រទេស៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.