លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមអបអរសាទរពិធីបុណ្យឯករាជ្យជាតិលើកទី៧៨ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីជាការបង្ហាញ ពីចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងពិធីអបអរសាទរ ខួបលើកទី៧៨ កាលពីរាត្រីថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិត បានអបអរសាទរចំពោះសមិទ្ធផលជាច្រើនឥតគណនាដែលបក្ស រដ្ឋ និងប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រេចបានក្នុងរយៈពេល៧៨ឆ្នាំ កន្លងមកនេះគួរជាទីមោទនៈ និងគួរឱ្យស្ញប់ស្ញែងយ៉ាងក្រៃលែង ដែលបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ គណបក្សកម្មុយនីស្តវៀតណាម នឹងបន្តទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បន្ថែមទៀតក្នុងការអភិវឌ្ឍប្រទេស ប្រកបដោយសុខសន្តិភាព ស្ថិរភាពរឹងមាំរៀងរហូតទៅ។ នៅក្នុងឱកាសចូលរួមកម្មវិធីនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានជួបប្រាស្រ័យសន្ទនាជាមួយបណ្តាឯកអគ្គរាជទូត-រដ្ឋទូត និងបណ្តាអង្គការដៃគូអន្តរជាតិ ជាច្រើន ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ឱ្យកាន់តែរឹងមាំថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.