រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា ការងារសំខាន់នៅក្នុងពេលនេះសម្រាប់វិស័យព័ត៌មាន គឺជំរុញការធ្វើទំនើបកម្មស្ថាប័ន សម្ភារ និងធនធានមនុស្ស ដើម្បីធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយជាតិកាន់តែខ្លាំង។  បន្ថែមពីនេះទៀតការបណ្តុះ បណ្តាលធនធានមនុស្ស ដោយក្រសួងគ្រោងនឹងបង្កើតជាវគ្គបណ្តុះបណ្តាលដល់មន្ត្រីក្រសួង ព័ត៌មាន ជាពិសេសបង្កើតវិទ្យាស្ថានជាតិប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ ទំនងសាធារណៈ ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែច្បាស់ស៊ីជម្រៅ និងមានប្រសិទ្ធភាព ពាក់ព័ន្ធនឹងវិស័យសារព័ត៌មាន។ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស ឯកឧត្ដម បានប្រឹក្សាយោបល់និងទទួលបានការគាំទ្រ ពីឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្រោងប្រែក្លាយមជ្ឈ មណ្ឌលវិជ្ជាជីវៈរបស់ក្រសួងព័ត៌មាន ទៅជាវិទ្យាស្ថានជាតិប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ ដោយមិនមែនសំដៅតែទៅលើការបណ្តុះបណ្តាលធនធាន មនុស្សផ្នែកសារព័ត៌មាន សរសេរព័ត៌មានមួយមុខនោះទេ គឺមានផ្ដោតសំខាន់ទៅលើការថតរូប ការកាត់តវីដេអូ និងផ្នែកផ្សេងៗទៀត ដែលពាក់ព័ន្ធជាមួយនឹងវិស័យព័ត៌មាន ដើម្បីធ្វើយ៉ាងណាបណ្តុះ បណ្តាលឱ្យមានអ្នកបន្តវេនដែលមានគុណភាពនាពេលខាងមុខ សម្រាប់វិស័យព័ត៌មាន ។ ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ចំពោះការបានទទួលបេសកកម្មពីរាជរដ្ឋា ភិបាល ពីរដ្ឋសភា និងពីគណបក្ស ប្រជាជនរបស់ឯកឧត្តម នាពេល នេះ គឺដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលមួយ ដែលសកម្ម បុរេសកម្ម អន្តរសកម្ម គុណភាព និងប្រសិទ្ធភាព ដែលដើរ តួនាទីយ៉ាងសំខាន់ជាចលករ ក្នុងការគ្រប់គ្រងលើសាធារណៈមតិ ។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្ដមគតិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាយុទ្ធសាស្ត្រដែលផ្ដោតសំខាន់លើការកែទម្រង់និងពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលកើតចេញពីសមិទ្ធ ផលការងារនាពេលកន្លងមក ដែលរួមមាន យុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាល ដែលបានអនុវត្តន៍អស់រយៈពេលប្រមាណ៤៤ឆ្នាំមកហើយ ។ ក្នុងនោះ សម្រាប់យុទ្ធសាស្ត្របញ្ច កោណ មានបាវចនា៥ គោលដៅយុទ្ធសាស្ដ្រ៥ និងអាទិភាពគន្លឹះចំនួន៥ ដែលបាវវចនា៥ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធ ភាព និងចីរភាព , គោលដៅយុទ្ធសាស្ដ្រ៥ រួមមាន ធានាឱ្យបានកំណើនសេដ្ឋកិច្ច បង្កើតការងារឱ្យបានកាន់តែច្រើន សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ បន្តពង្រឹងសមត្ថភាព អភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច , អាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.