ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាស ពីស្ថានភាពអាកាសធាតុ តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងមានខ្យល់បោកបក់ខ្លាំង រលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី១- ៤ ខែកញ្ញា ឆ្នាំ២០២៣។ ដូច្នេះសូមពលរដ្ឋដែលរស់នៅតំបន់នេះមានការប្រុងប្រយ័ត្នខ្ពស់ ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា នៅថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ ​បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ២០២៣នេះ ។

ដោយយោងតាមការតាមដានស្ថានភាពវិវត្តនៃអាកាសធាតុ និងព្យាករណ៍បន្ត ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបដល់សាធារណជនឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ ពីបង្គួរទៅច្រើនលាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។ ដូច្នេះសូមបងប្អូនដែលរស់នៅតំបន់មាត់សមុទ្រទាំងឡាយ សូមប្រុងប្រយត្ន័។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។ ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានា ដែលអាចកើតមានជាយថាហេតុ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.