នាព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាត លោកជំទាវ ខាមែន ម៉ូរេនូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្តែង ការគួរសម និងជម្រាបលា ស្របពេលដែលលោកជំទាវត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោកជំទាវ ខាមែន ម៉ូរេនូ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសហភាពអឺរ៉ុប ក្នុងអំឡុង ពេលដែលលោកជំទាវបានបំពេញបេសកកម្មការទូតរបស់ខ្លួន និងបានសម្តែងនូវអំណរគុណចំពោះសហភាព អឺរ៉ុប ដែលតែងតែផ្តល់ការគាំទ្រដល់កិច្ចអភិវឌ្ឍក្នុងវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាល និងលើការដ្ឋាន ការងារកែទម្រង់សំខាន់ៗ ដែលសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ទោះស្ថិតក្នុងគ្រាលំបាកនៃផល ប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី-អុយក្រែន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្តី ។

លោកជំទាវ ខាមែន ម៉ូរេនូ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលធានាបាននូវស្ថិរភាពនយោបាយ និងសង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ។ ឆ្លៀតក្នុងឱកាសនេះ, លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជា ដែលទើប ទទួលបាននូវរាជរដ្ឋាភិបាលថ្មី កើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ លោកជំទាវក៏ បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះការដាក់ចេញនូវកម្មវិធីនយោបាយមុតស្រួចច្បាស់លាស់ ពោលគឺ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ។ លោកជំទាវបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបនឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តគាំទ្រដល់របៀបវារៈ និងកម្មវិធីកែទម្រង់ជាអាទិភាពនានារបស់រាជរដ្ឋាភិបាល សំដៅបន្តចូលរួមចំណែកក្នុងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាព អឺរ៉ុបដែលមានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍនៅកម្ពុជា ដោយបាន គូសបញ្ជាក់ថា សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មដ៏ធំ និងសំខាន់របស់កម្ពុជា និងជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ នឹងកាន់តែរឹងមាំ និងកាន់តែស៊ីជម្រៅបន្ថែមទៀត បន្ទាប់ពីឯកអគ្គរដ្ឋទូតថ្មីរបស់ សហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលកាន់តំណែងនាពេលដ៏ខ្លីខាងមុខ ។ ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជូនពរលោកជំទាវ ខាមែន ម៉ូរេនូ ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការ បំពេញភារកិច្ច និងតួនាទីថ្មីរបស់លោកជំទាវ នាអនាគត ។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.