នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ អង្គការ Norwegian People’s Aid ដែលជាអង្គការដោះមីន នៃប្រទេសណ័រវេស បានចូលរួមដាំកូនឈើ នៅខាងត្បូងកសិន្ធុអង្គរវត្ត ដើម្បីលើកកំពស់សោភ័ណ្ឌភាពប្រាសាទបុរាណខ្មែរ ខណ:ដែលពួកគាត់ថ្នាក់ដឹកនាំបុគ្គលិកធ្វើដំណើរកម្សាន្តក្នុងខេត្តសៀមរាប។                                            

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា គិតពីឆ្នាំ២០២២មក អាជ្ញាធរជាតិអប្សរាបានដាំកូនឈើបានជាង ៤៨,៧៨៨ដើម និងដាំស្មៅបាន ៣៥,៥៣១ម៉ែត្រការ៉េ គឺដាំនៅតាមដីដែលបានសម្អាតលើទីតាំងចាស់ នៃពលរដ្ឋរស់នៅតំបន់នេះ ហើយពួកគាត់យល់ព្រម ទទួលយកគោលនយោបាយពីរាជរដ្ឋាភិបាល ចេញទៅរស់នៅតំបន់ រុនតាឯក និងពាក់ស្នែង។

លោកបន្ដថា ជាកិត្ដិតយសដែលថ្នាក់ដឹកនាំ និងបុគ្គលិក នៃអង្គការ Norwegian People’s Aid ចំនួន ៩០នាក់ បានចូលរួមដាំកូនឈើចំនួន ១៨០ដើម និងស្មៅ ៣០០ម៉ែត្រការ៉េ នៅក្នុងរមណីយដ្ឋានអង្គរ។ ដើមឈើដែលបានដាំនៅពេលនេះរួមមាន ដើមបេង ធ្នង់ រំដួល និងគគីរ។ សកម្មភាពនេះ បានបង្ហាញពីការចូលរួមលើកតម្លៃ បរិស្ថាន និងបង្កើតភាពបៃតង ក្នុងតំបន់រមណីយដ្ឋានអង្គរ ស្របពេលអាជ្ញាធរជាតិអប្សរា រៀបចំកែលម្អ តំបន់ពុំមានរបៀបរៀបរយ ដោយដាំបំពេញដើមឈើ និងស្មៅឡើងវិញ។ អាជ្ញាធរជាតិអប្សរា មានក្តីសង្ឈឹមថា ពីមួយថ្ងៃទៅមួយថ្ងៃ តំបន់អង្គរនេះ នឹងកាន់តែមានភាពស្រស់បំព្រង ពោរពេញទៅដោយព្រៃឈើ មានលក្ខណ:លម្អដល់ប្រាសាទ និងបន្ថែមគុណភាពនៃជីវិត សម្រាប់ភ្ញៀវទេសចរ ដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ។ សូមបញ្ជាក់ថា ក្រោយអាជ្ញាធរជាតិអប្សរាបង្កើតឱ្យមាននាយកដ្ឋានគ្រប់គ្រងទឹក និងព្រៃឈើ នាអំឡុងឆ្នាំ២០០៤មក នាយកដ្ឋាននេះ បានរៀបចំផែនការធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរ មានដើមឈើកាន់តែច្រើន ដោយក្នុងរយ:ពេល ១៩ឆ្នាំកន្លងមកនេះ ដើមឈើសរុបប្រមាណ ២លានដើមហើយ ត្រូវបានដាំដុះនៅក្នុងតំបន់អង្គរនេះ ដោយមិនបានរាប់បញ្ជូលការចែកចាយកូនឈើទៅកាន់ស្ថាប័នរដ្ឋ និងឯកជនដទៃឡើយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.