ឯកឧត្តម មីហ្គែល ឌីអាស-កាណែល ប៊ឺមូដេស (Miguel Díaz-Canel) ប្រធានាធិបតីនៃសាធារណរដ្ឋគុយបា បានអញ្ជើញឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលប្រមុខរដ្ឋ/រដ្ឋាភិបាល នៃក្រុមប្រទេស G-77 បូកចិន ស្ដីពីបញ្ហាប្រឈមនៃការអភិវឌ្ឍបច្ចុប្បន្ន នៅប្រទេសគុយបា នាខែកញ្ញាខាងមុខនេះ។

តាមរយៈសារលិខិតរបស់ឯកឧត្តមប្រធានាធិបតីគុយបា ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជាទទួលបាននៅថ្ងៃនេះ ឯកឧត្តមក៏បានសម្តែងនូវការអបអរសាទរជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ ដែលត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជូនពរឯកឧត្តមនាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជា ទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចដ៏មានសារៈសំខាន់នេះ ជូនប្រជាជាតិកម្ពុជា។

ឯកឧត្តមប្រធានាធិបតី ក៏បានអះអាងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់គុយបាក្នុងការលើកកម្ពស់កិច្ចសន្ទនានយោបាយ ដើម្បីបន្តពង្រឹងទំនាក់ទំនងជាមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងរដ្ឋាភិបាល និងប្រជាជនយើងទាំងពីរ ហើយឯកឧត្តមសង្ឃឹមថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅប្រទេសគុយបា ដើម្បីចូលរួមកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលប្រមុខរដ្ឋ/រដ្ឋាភិបាល នៃក្រុមប្រទេស G-77 បូកចិន ស្ដីពីបញ្ហាប្រឈមនៃការអភិវឌ្ឍបច្ចុប្បន្ន នឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហាវ៉ាណា ក្រោមប្រធានបទ៖ “តួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍”៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.