លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យលើសំណើសុំជ្រើសតំាងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មីចំនួន ០១រូប។

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានធ្វើការពិភាក្សានិងអនុម័តលើសំណើសុំជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មីចំនួន០១រូបនេះ សម្រាប់ជំនួសតំណែងលោក សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាពកាលពីពេលកន្លងមក។

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងផ្សព្វផ្សាយជ្រើសរើសឥស្សរជនដែលមានលក្ខណៈសម្បត្តិសមស្រប ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

សូមជម្រាបថា ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលមួយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ សម្រាប់ការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នាតជ្រើសតាំងតំណាងរាស្ដ្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

ជាគោលការណ៍ ក្រុមប្រឹក្សាធម្មនុញ្ញមិនអាចយកបញ្ហាណាមួយ មកពិនិត្យដោយខ្លួនឯងបានឡើយ។ មានតែព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី សមាជិកព្រឹទ្ធសភាមួយភាគបួន និងតំណាងរាស្ដ្រមួយភាគដប់ ឬតុលាការប៉ុណ្ណោះ ដែលអាចសុំទៅក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យធម្មនុញ្ញភាពនៃច្បាប់បាន៕

ប្រភព៖ Fresh News

Share.

Comments are closed.