កាលពីថ្ងៃអាទិត្យប៉ូលិសកូរ៉េខាងត្បូងបានឱ្យដឹងថា ក្រុម Hackers កូរ៉េខាងជើងបានព្យាយាមវាយប្រហារព័ត៌មានវិទ្យា ដើម្បីលួចព័ត៌មានពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

បើតាមប៉ូលិសកូរ៉េខាងត្បូងក្រុម Hackers ត្រូវបានជឿជាក់ថាមានទំនាក់ទំនងជាមួយក្រុម Hackers កូរ៉េខាងជើងឈ្មោះថា គីមស៊ូគី (Kimsuky) ហើយ ពួកគេបានព្យាយាមវាយប្រហារព័ត៌មានតាមរយៈសារអេឡិចត្រូនិក ឬ E-mail របស់មន្ត្រីកូរ៉េខាងត្បូងដែលធ្វើការពាក់ ព័ន្ធនឹងការធ្វើសមយុទ្ធយោធារួមគ្នា ដោយប្រើប្រព័ន្ធកុំព្យូទ័រ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ប៉ុន្តែមិនមានព័ត៌មានសំខាន់ណាមួយត្រូវបានលួចនោះទេ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាឈ្មោះ Ulchi Freedom Guardian ដែលមានរយៈពេល ១១ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃចន្ទនេះតទៅ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពឆ្លើយតបទៅនឹងអ្វីដែលប្រទេសទាំង២ ហៅថាជាការគំរាមកំហែងដោយ មីស៊ីល និងអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។

កូរ៉េខាងជើង តែងតែច្រានចោលជារឿយៗជុំវិញការចោទប្រកាន់ពីការវាយប្រហារព័ត៌មានវិទ្យា ហើយក៏បាន ថ្កោលទោសផងដែររាល់សមយុទ្ធយោធារួមគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ដ្បិតចាត់ទុកថាវាជាការត្រៀមលក្ខណៈឈ្លានពានប្រឆាំងនឹងរបបដឹកនាំលោក គីម ជុងអ៊ុន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.