ទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍នៅថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) និងប្រធានាធិបតីអុីរ៉ង់ លោក អ៉ីប្រាហុីម រ៉ៃស៉ី (Ebrahim Raisi) នឹងជួបគ្នាក្នុងទីក្រុងញូវយ៉ក នៅខែកញ្ញាខាងមុខ ដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អុីរ៉ង់ ក្នុងចំណោមបញ្ហាផ្សេងៗទៀត។ នេះបើយោងតាមការដកស្រង់ផ្សាយពីសារព័ត៌មានជប៉ុន Kyodo នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣។

ផ្អែកលើប្រភពពីមន្រ្តីការទូតអ៉ីរ៉ង់សុំមិនបញ្ចេញឈ្មោះ សារព័ត៌មាន Kyodo បានរាយការណ៍បន្ថែមថា លោក គីសុីដា និងលោក រ៉ៃសុី ត្រូវបានគេរំពឹងថានឹងពិភាក្សា អំពីការផ្តល់យន្តហោះដ្រូន ដែលត្រូវបានចោទប្រកាន់ថាអុីរ៉ង់ផ្តល់ឲ្យរុស្សុីសម្រាប់ការឈ្លានពានអ៊ុយក្រែន។ យ៉ាងនេះក្តី ក្រសួងការបរទេសជប៉ុន នៅមិនទាន់មាន ការអត្ថាធិប្បាយជុំវិញព័ត៌មាននេះទេ។

គួរបញ្ជាក់ថា លោក គីសុីដា និងលោក រ៉ៃសយុី ធ្លាប់បានជួបគ្នាកាលពីខែកញ្ញា ឆ្នាំ២០២២ អំឡុងពេលទស្សនកិច្ចនៅទីក្រុងញូវយ៉ក សម្រាប់មហាសន្និបាត អង្គការសហប្រជាជាតិ។ អុីរ៉ង់ មានបំណងលើកកម្ពស់ទំនាក់ទំនងជាមួយជប៉ុនដែលមានមិត្តភាពជាប្រពៃណីនឹងគ្នា ដើម្បីជៀសវាងភាពឯកោអន្តរជាតិ ខណៈ កិច្ចពិភាក្សារបស់អុីរ៉ង់ជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុបជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ពួកគេត្រូវជាប់គាំង៕

ប្រភព៖ Fresh News

Share.

Comments are closed.