នាព្រឹកថ្ងៃចន្ទទី ២១ សីហា គេហទំព័រហ្វេសប៊ុកផ្លូវការ រួមទាំង TV APP ក្រសួងព័ត៌មាន នឹងផ្សាយបន្តផ្ទាល់នូវពិធីបើកសម័យប្រជុំរដ្ឋសភានីតិកាលទី៧ ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ជូនថា សម័យប្រជុំនេះ អនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេស ក្រោយពេលដែល កម្ពុជារៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ប្រកបដោយភាពជោគជ័យ ហើយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គទ្រង់បានចេញព្រះរាជសារអញ្ជើញតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ឱ្យចូលរួមប្រជុំនៅថ្ងៃដំបូងនេះក្នុងនោះមានតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។

យោងទៅតាមកម្មវិធីដែលជូនដំណឹងរបស់រដ្ឋសភា បានឱ្យដឹងថា សម្រាប់សម័យប្រជុំលើកដំបូងនៃរដ្ឋសភា នីតិកាលទី៧ នឹងចាប់ផ្តើមនៅម៉ោង៨ព្រឹក ក្រោមព្រះរាជអធិបតីភាពព្រះមហាក្សត្រ ហើយបន្ទាប់មកមានការថតរូបអនុស្សាវរីយ៍ នៅខាងមុខរដ្ឋសភា។

បន្ទាប់មក រដ្ឋសភា នឹងបើកសម័យប្រជុំលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៧។ ដោយឡែកពេលរសៀល តំណាងរាស្ត្រដែលប្រកាសសុពលភាពទាំងអស់ នឹងយាង និងអញ្ជើញទៅស្បថនៅព្រះបរមរាជវាំង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.