អង្គការចលនាដើម្បីសុខ ភាពកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលផ្សេងទៀតបានប្រកាសគាំទ្រសេចក្ដីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីការ អនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូល ដោយតម្រូវឱ្យម្ចាស់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូលទាំងអស់អនុវត្តលើតម្លៃ បន្ថែម និងស្នើសុំឱ្យមានការយក ពន្ធបន្ថែម ៥០០៛ក្នុងបារីមួយកញ្ចប់ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារការជក់បារីនៅកម្ពុជា។

ការគាំទ្រនេះ ធ្វើឡើងតាមរយៈកិច្ច ប្រជុំសមាជិកប្រចាំត្រីមាសរបស់អង្គការ វេទិការនៃអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា ដែលធ្វើ ឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣។

យោងតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ប្រសិនបើកម្ពុជាយកពន្ធបន្ថែម ៥០០៛ ក្នុងបារីមួយកញ្ចប់ នោះនឹងនាំឱ្យ៖ តម្លៃបារីកើនឡើង ១៥% , បន្ថយអ្នកជក់បារី ៣០ ០០០នាក់ នៅឆ្នាំបន្ទាប់ ,បង្ការអ្នកស្លាប់ ១០ ០០០នាក់ ក្នុងរយៈ ពេល១០ទៅ ១៥ឆ្នាំបន្ទាប់ ធ្វើឱ្យកើនប្រាក់ចំណូលពន្ធរដ្ឋ ជាង ៥៣ លានដុល្លារសហរដ្ឋក្នុង១ឆ្នាំ។

តាមរបាយការណ៍ស្រាវជ្រាវ Seatca Tobacco Tax Index 2021 ២ បានបង្ហាញថា កម្ពុជាមានអត្រាពន្ធលើផលិតផលថ្នាំជក់នៅកម្រិតទាបនៅឡើយ ដោយយក ពន្ធត្រឹម ២៥% សម្រាប់បារីក្នុងស្រុក និង ៣១,១០  សម្រាប់បារីនាំចូល ធៀបនឹងតម្លៃលក់រាយ ខណៈប្រទេសថៃយកពន្ធរហូតដល់ ៧៨,៦% និងប្រទេសហ្វីលីពីនយក ពន្ធ៧១,៣២%។ សូមបញ្ជាក់ថា ការដំឡើងពន្ធថ្នាំជក់ នឹងជួយឱ្យរដ្ឋទទួលបានប្រាក់ចំណូលពន្ធបន្ថែម ហើយការដំឡើងពន្ធនេះ នឹងជួយឱ្យអត្រាអ្នកជក់បារីថយចុះ និងបង្ការអ្នកស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់។

នៅប្រទេសកម្ពុជាប្រជាពលរដ្ឋ ១៥០០០នាក់ បានស្លាប់ជារៀង រាល់ឆ្នាំបណ្តាលមកពីការជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ហើយ ៣៣%នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.