ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ក្នុងនាមជាអ្នកសារ​ព័ត៌មាន ត្រូវចេះសហការគ្នា រកព័ត៌មានពិត ផ្សព្វផ្សាយឱ្យបានលឿន ផ្សព្វផ្សាយឱ្យ​គ្រប់​ប្រព័ន្ធបណ្ដាញសង្គម ទើបអាចក្លាយជាអ្នកសារព័ត៌មានមួយដែលខ្លាំង។ ឯកឧត្ដមបាន​បញ្ជាក់ថា អ្នកសារព័ត៌មានខ្លាំងនាពេលបច្ចុប្បន្ន ត្រូវចេះចែករំលែកព័ត៌មានឱ្យបានលឿន ផ្សាយឱ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយ និងចេះសាមគ្គីគ្នា ទើបទទួលបានលទ្ធផលល្អ ប្លែក ដើម្បី​ដើរ​ទាន់សម័យកាល។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីផ្សព្វផ្សាយ និង​ចែករំលែកចំណេះដឹងដល់មន្ត្រីរាជការក្របខណ្ឌថ្មី ឆ្នាំ២០២៣ នៃក្រសួងព័ត៌មាន នា​ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ធ្វើជាអ្នកសារព័ត៌មានត្រូវយល់​ដឹងពី​ច្បាប់​របបសារព័ត៌មាន ពីព្រោះបើអ្នកសារព័ត៌មានយល់ច្បាស់ គោរពទៅតាមច្បាប់នេះ នឹងទទួលបានការការពារស្របតាមច្បាប់នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ​ឯក​ឧត្តម​​​រដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា សម្រាប់មន្ត្រីនៃក្រសួងព័ត៌មានទាំង៥អគ្គនាយកដ្ឋាន ដែល​​ចំណុះឱ្យក្រសួងព័ត៌មានត្រូវចេះសាមគ្គីគ្នា ចែករំលែកបទពិសោធន៍ ចែករំលែក​ព័ត៌​មានគ្នាទៅវិញទៅមក ដើម្បីរួមគ្នាប្រឆាំងព័ត៌មានមិនពិត ជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្ដម​បានថ្លែងបញ្ជាក់បន្ថែមថា៖ «ការងារព័ត៌មានមិនអាចធ្វើម្នាក់ឯងបានទេ វាទាមទារយើង​ត្រូវ​តែសហការគ្នា អីចឹងជួនកាលទូរទស្សន៍គាត់មានព័ត៌មានល្អ អីចឹង AKP មើលឃើញល្អ គាត់អាចសរសេរ​បានថែមលើហ្នឹង អាចស្រាវជ្រាវមួយជ្រុងទៀតយកមកសរសេរ។ ទី២ នៅ​ក្នុងការឃោស​នា​របស់សត្រូវរបស់យើង អ្នកដែលប្រឆាំងយើងគេខិតខំផ្សាយ​ពីនេះ ពី​នោះ យើងត្រូវចេះ​ក្រុមប្រឆាំងគេមានតូចមួយទេ គេយកមកផ្សាយ យកមកបន្ដគ្នា។ ដែល​ខ្ញុំតែងនិយាយថា​ព័ត៌​មានគឺជា​ការផ្លាស់ប្ដូរដំណឹង ការបន្តគ្នាទៅវិញទៅមកទើបយើង​មាន​ឥទ្ធិពលខ្លាំង។ ហើយយើងក៏អីចឹងដែរបើយើងមានដំណឹងពីខេត្តមួយ យើងយកមកច្នៃ ហើយ​យើងផ្សាយ​វិទ្យុ ផ្សាយទូរទស្សន៍ ផ្សាយ AKP បណ្ដាក់គ្នា ដូចយើងលេងតន្ត្រី លេង​ម្នាក់​ឯងពិរោះផ្សេង បើស្គរវិញវ៉ៃខ្លាំងគេជេរទៀត តែបើលេងជាមួយភ្លេងទៅជាពិរោះ។ អីចឹង ព័ត៌មានក៏ដូចគ្នា​ដែរ​វាជាការសំខាន់ណាស់ នៅថ្ងៃនេះដែរម្នាក់ៗ​អាចធ្វើជាអ្នកផ្សព្វ​ផ្សាយមួយ មានដូចជា facebook, Instagram Tik tok អីចឹង បាន គឺទាមទារនូវការប្រើប្រាស់​ព័ត៌មានរបស់យើង​មិនមែនតែទូរទស្សន៍ផ្សាយទទួលទូរទស្សន៍ចប់ទេ យើងត្រូវផ្សាយ​តាម​វេប​សាយ តានបណ្ដាញផ្សេងៗ»។

ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងទៀតថា ពីដើមយើងដើររកព័ត៌មាន ប៉ុន្តែបច្ចុប្បន្ន​នេះ​ព័ត៌​មាន​ចូលរកយើងដល់ក្នុងមុង។ ដូច្នេះ ទាមទារមន្ត្រីព័ត៌មានយើង​មាន​ការ​យល់ដឹង​ខ្ពស់ ដើម្បីយល់ដឹងខ្ពស់បាន សំខាន់គឺធ្វើការជាមួយគ្នា ចែករំលែកបទ​ពិសោធន៍​ជាមួយ​គ្នា។ ឯកឧត្ដមបានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា៖ «ដូចខ្ញុំបាននិយាយម្ដងហើយ សម័យ​មុនអ្នក​ណាក្ដាប់ព័ត៌មានបានគឺក្ដាប់អំណាច តែសម័យនេះអ្នកណាចែករំលែក​ព័ត៌មានបាន​លឿន អ្នកនោះក្ដាប់អំណាច ពីព្រោះព័ត៌មានគឺមានច្រើនបើយើងក្ដាប់ទុកតែខ្លួនឯង អ្នក​ផ្សេងអត់​ដឹងគឺធ្វើការមិនស៊ីចង្វាក់គ្នាបានទេ។ អីចឹងការបែងចែកព័ត៌មាននេះ គឺសំខាន់​ណាស់ នេះ​គឺ​ជាសារៈសំខាន់ដែលយើងត្រូវយល់»។

​សូមបញ្ជាក់ថា ក្នុងការផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងដល់មន្ត្រី​រាជការ​ក្រប​ខណ្ឌថ្មីឆ្នាំ២០២៣នេះ គឺមានចំនួន៧០នាក់ ក្នុងគោលបំណងដើម្បីឈ្វេងយល់ពីសហ​លក្ខ​ន្ដិ​កៈ​មន្ត្រីរាជការស៊ីវិល និងច្បាប់ស្ដីពីរបបសារព័ត៌មាន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.