ដើម្បីលើកកំពស់វិស័យទេសចរណ៍នៅក្នុងខេត្ត ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានចលនាដឹកនាំមន្រ្តីរាជការរៀបចំយុទ្ធនាការជិះកង់ ក្នុងតំបន់ប្រាសាទកោះកែរ ដែលជារមណីយដ្ឋានប្រវត្តិសាស្រ្តនិងវប្បធម៌មួយដ៏ចំបងនៅក្នុងខេត្តព្រះវិហារ។ ព្រឹត្តិការណ៍នេះបានកើតមានឡើងតាំងតែពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ដោយសាលាខេត្តព្រះវិហារ បានរៀបចំកម្មវិធីជិះកង់ជុំវិញប្រាសាទកោះកែរ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ក្នុងឱកាសខួបលើកទី២៤ ទិវាយុវជនអន្តរជាតិ។

ឯកឧត្ដម គីម រិទ្ធី បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃយុទ្ធនាការជិះកង់ដើម្បីចូលរួមលើកកម្ពស់បេតិកភណ្ឌជាតិ នឹងវិស័យទេសចរណ៍ ក៍ដូចជា អបអរសាទរខួបលើកទី២៤ ទិវាយុវជនអន្តរជាតិ១២ សីហា ២០០០ – ១២ សីហា ២០២៣ ដើម្បីផ្សព្វផ្សាយទៅដល់បងប្អូន សាធារណជន ក៏ដូចជាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពិសេសយុវជនទាំងអស់ ងាកមកចាប់អារម្មណ៍ និងយកចិត្តទុកដាក់ជាសំខាន់ទៅលើបេតិកភណ្ឌជាតិ មានប្រាសាទបុរាណល្អឯក ដែលដូនតាខ្មែរយើងបន្សល់ទុក ដូចជាប្រាសាទកោះកែរ ព្រមទាំងបុរាណប្រាសាទជាច្រើនដែលនៅជុំវិញប្រាសាទ ក្នុងដែនដី ស្រុកគូលែន ខេត្តព្រះវិហារនេះ។

ឯកឧត្តមបន្តថា តាមរយ:សកម្មភាពនេះ បានកត់សំគាល់ឃើញថា យុវជនជាចលករ និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ហេតុនេះយុវជនដើរតួនាទីសំខាន់ណាស់ក្នុងការជួយជំរុញដល់យុវជនដូចគ្នា នេះគឺជាសកម្មភាពមួយ ដែលបានបង្ហាញ អំពីការសាមគ្គីភាព ឆ្លុះបង្ហាញឱ្យឃើញពីស្មារតីសហការល្អរវាងក្រុមការងារយុវជនអាជ្ញាធរមូលដ្ឋាន ដែលសកម្មភាពនេះជាកត្តាមួយជួយ ជំរុញ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដែលមានស្រាប់នៅក្នុងភូមិសាស្ត្រនេះទៅដល់អ្នកទេសចរជាតិ និងអន្តរជាតិ តាមរយ:ព្រឹត្តិការណ៍និងការងារសង្គមផ្សេងៗ ដើម្បីឱ្យពួកគាត់ចាប់អារម្មណ៍មកទស្សនាកំសាន្តនៅតំបន់នេះ។

លោក ទេព សីនីត ជាអ្នកទេសចរនៅរាជធានីភ្នំពេញមួយរូប បានឲ្យដឹងថា ខេត្តព្រះវិហារ ជាខេត្តដ៏មានសក្តានុពលផ្នែកវិស័យទេសចរណ៍មួយ ហើយប្រសិនបើថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តបន្តបង្កើតព្រឹត្តិការណ៍ប្លែកៗថែមទៀត នោះអ្នកទេសចរជាតិ និងអន្តរជាតិនឹងកាន់តែស្គាល់ខេត្តនេះ ហើយនឹងមកលេងកំសាន្តកាន់តែច្រើន។​  លោកបានបញ្ជាក់ថា “តាមដែលដឹងក្រៅពីប្រាសាទកោះកែរ ព្រះវិហារ ភ្នំត្បែង ខេត្តនេះនៅមានប្រាសាទ និងរមណីយដ្ឋានធម្មជាតិជាច្រើនទៀតដែលសុទ្ធតែគួរឱ្យទាក់ទាញ”។

សូមបញ្ចាក់ថា កម្មវិធីជិះកង់ដែលបានរៀបចំកន្លងមកនេះ មានយុវជនចូលរួមប្រមាណជាង ២០០នាក់ ដោយពួកគេជិះជុំវិញប្រាសាទកោះកែរ ដែលមានចំងាយ ២០ គីឡូម៉្រែត ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.