ក្រសួងការពារជាតិអង់គ្លេស បានចល័តយន្ដហោះចម្បាំងកាលពីព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីជាការឆ្លើយតបទៅនឹងយន្ដហោះទម្លាក់គ្រាប់បែក របស់រុស្សុី ចំនួន២គ្រឿង ដែលហោះហើរនៅភាគខាងជើងនៃកោះ Shetland ក្នុងប្រទេសស្កុតឡែន។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិអង់គ្លេសបានឱ្យដឹងថាយន្ដហោះចម្បាំងរបស់ខ្លួនបានតាមដានសកម្មភាពរបស់យន្ដហោះទម្លាក់គ្រាប់បែករុស្សុី Tu-142 ចំនួន ២គ្រឿង ខណៈយន្ដហោះទាំង ២គ្រឿងនេះបានហោះឆ្លងកាត់នៅក្បែរកោះ Shetland ក្នុងតំបន់សមុទ្រ North Sea។ ក្រសួងបន្ថែមថាសកម្មភាពរបស់ យន្ដហោះចម្បាំងអង់គ្លេស Typhoon ធ្វើឡើងក្រោមបេសកកម្មរក្សាសន្តិសុខដែនអាកាសរបស់ NATO ហើយបេសកកម្មនេះក៏មានការចូលរួមផងដែរពីយន្ដហោះ ចាក់សាំងលើអាកាស Voyager។

«ក្រុមពីឡុតបានបញ្ជាក់យន្ដហោះចម្បាំង Typhoon របស់ពួកគេដើម្បីស្ទាក់ចាប់យន្ដហោះទម្លាក់គ្រាប់បែក ២គ្រឿងរបស់រុស្សុី នៅព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ ព្រមទាំង តាមដានសកម្មភាពយន្ដហោះទម្លាក់គ្រាប់បែកទាំង ២គ្រឿង ខណៈហោះឆ្លងកាត់ភាគខាងជើងកោះ Shetland ជាការត្រៀមលក្ខណៈទប់ស្កាត់ការគំរាមកំហែងមកលើ ទឹកដីចក្រភពអង់គ្លេស»។ នេះជាការបញ្ជាក់របស់ក្រសួងការពារជាតិអង់គ្លេស ដោយបន្តថាយន្ដហោះចម្បាំង Typhoon បានត្រឡប់ទៅកាន់មូលដ្ឋានរបស់ខ្លួនវិញ ដោយសុវត្ថិភាព។

គួរបញ្ជាក់ថា សកម្មភាពចល័តយន្ដហោះចម្បាំងបែបនេះបានកើតឡើងជាញឹកញាប់រវាងបណ្ដាប្រទេសលោកខាងលិច និងរុស្សុី ចាប់តាំងពីរុស្សុីបើកការឈ្លានពានលើ អ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក៕

ប្រភព៖ Fresh News

Share.

Comments are closed.