ឯកឧត្តម WANG Yi សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យ គណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន មនប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្ដមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ដើម្បីបញ្ជាក់ថា ចិនគាំទ្រកម្ពុជា ហើយមានជំនឿថា ក្រោមការដឹកនាំរបស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន នឹងរីកចម្រើនឡើងកាន់ធំធាត់ថែមទៀត។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប៉ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យ គណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣ ក្នុងខណៈដែលឯកឧត្ដមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្ដម WANG Yi បានគោរពពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្ដមប្រធានាធិបតី ស៊ី ជិនពីង និងឯកឧត្ដមនាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនមួយចំនួនទៀតជូនចំពោះសម្ដេចតេជោ។ ឯកឧត្ដម WANG Yi បានជម្រាបជូនសម្ដេចតេជោថា ឯកឧត្ដមបានមកកាន់កម្ពុជាជាច្រើនដង ហើយជារៀងរាល់លើកដែលមកដល់កម្ពុជា បានឃើញកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការផ្លាស់ប្ដូរយ៉ាងរស់រវើក ពេលនេះជាសក្ខីភាពទីក្រុងភ្នំពេញបានក្លាយទៅជាទីក្រុងពាណិជ្ជកម្មយ៉ាងទំនើប។

ឯកឧត្ដមរដ្ឋមន្ត្រីការបរទេសចិន បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ជូនចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានទទួលការគាំទ្រពីប្រជាជនលើស ៨០% ។ ឯកឧត្ដម WANG Yi មានប្រសាសន៍ថា ប្រទេសជាច្រើនបានមកសង្កេតការណ៍ ការបោះឆ្នោតនៅកម្ពុជា ហើយបានឃើញថា ការបោះឆ្នោតដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅ គឺយុត្តិធម៌ តម្លាភាព និងស្រច្បាប់។ ប្រជាជនជាង៨០%ទៅបោះឆ្នោត នោះសឱ្យឃើញថាប្រជាជនកម្ពុជាបានប្រើប្រាស់សិទ្ធិពេញលេញ ប្រជាជនជាង៨០% បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំបន្តទៀត។ ការទទួលបានការទុកចិត្តពីប្រជាជននេះជាកត្តាសំខាន់បំផុត។

ក្នុងន័យនេះឯកឧត្ដម WANG Yi សូមគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ហើយបានបញ្ជាក់ជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់ឯកឧត្ដម មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ដើម្បីបញ្ជាក់ថា ចិនគាំទ្រកម្ពុជា ហើយមានជំនឿថា ក្រោមការដឹកនាំរបស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន នឹងរីកចម្រើនឡើងកាន់តែធំធាត់ថែមទៀត ហើយជាពិសេសកម្ពុជា នឹងកាន់តែមានភាពរុងរឿងឡើងថែមទៀត។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្ដម WANG Yi ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្ដមប្រធានាធិបតី ស៊ី ជិនពីង និងឯកឧត្ដមនាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនដទៃទៀត។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្ដម WANG Yi ផងដែរ ចំពោះពាក្យពេជន៍ដ៏ល្អ និងជាពិសេសការគាំទ្ររបស់មិត្តចិន។ សម្ដេចតេជោមានប្រសាសន៍ថា ប្រជាជនកម្ពុជាបានដឹងជាមុនថានឹងមានការផ្លាស់ប្ដូរ មុនពេលបោះឆ្នោត ហើយការគាំទ្ររហូតដល់ទៅ៨៤% គឺជាការអបអរសាទរ។ គួរបញ្ជាក់ដែរថា ឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យ គណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពី ថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣ ដែលជាការតបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង យី បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសម្ដែងការគួរសមដាច់ដោយឡែកចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា។បន្ថែមពីនេះ ឯកឧត្តម វ៉ាង យី នឹងមានជំនួបដាច់ដោយឡែកជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ដែលជំនួបនេះ គ្របដណ្ដប់លើទិដ្ឋភាពចម្រុះនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីនិង ពហុភាគី ដែលជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។ដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជារបស់ឯកឧត្តម វ៉ាង យី បានប្រព្រឹត្តទៅស្របពេលជាមួយនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំនៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពរវាងកម្ពុជានិងចិន។ ដំណើរទស្សនកិច្ច នេះនឹងរួមចំណែកបន្ថែមទៀត ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុង វេទិកាតំបន់និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.