សារព័ត៌មានជប៉ុន Yomiuri បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ជប៉ុននិងសហរដ្ឋអាមេរិកកំពុង​ត្រៀមព្រមព្រៀងនៅសប្តាហ៍ក្រោយ លើការរួមគ្នាអភិវឌ្ឍមីសុីលសម្រាប់បាញ់ស្ទាក់មួយ ដើម្បីទប់ទល់ក្បាលគ្រាប់ល្បឿនលឿនជាងសំឡេងកម្រិតហៃភើសូនិច (លឿនជាង​ល្បឿនសំឡេងលើសពី៥ដង) ដែលកំពុងត្រូវបានអភិវឌ្ឍដោយ​ចិន រុស្សុី និងកូរ៉េខាងជើង។

បើតាមកាសែត Yomiuri កិច្ចព្រមព្រៀងខាងលើ ត្រូវគេរំពឹងថានឹងធ្វើឡើង នៅពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជួបជាមួយ​នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) នៅឯសហរដ្ឋអាមេរិក នាថ្ងៃសុក្រសប្តាហ៍ខាងមុខនេះ។ មេដឹកនាំទាំងពីរនឹងត្រូវជួបមុខគ្នា នៅក្រៅកិច្ចប្រជុំកំពូលត្រីភាគីជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol)។ ដោយ​ខុសពីក្បាលគ្រាប់នៃមីស៉ីលបាលិស្ទីគ ដែលហោះហើរក្នុងគន្លងផ្លូវដែលងាយនឹងប៉ាន់ស្មាន ដោយសារពួកវាធ្លាក់ពីលើទីអវកាសឆ្ពោះទៅ​រកគោលដៅ ក្បាលគ្រាប់ហៃភើស៊ូនិចមានសមត្ថភាពផ្លាស់ប្តូរគន្លងពេលហោះហើរបាន ដែលជាហេតុធ្វើឱ្យពួកវាពិបាកក្នុងការបាញ់ស្ទាក់។

កាលពីខែមករា ឆ្នាំនេះ សហរដ្ឋអាមេរិកនិងជប៉ុន ក៏បានឯកភាពគ្នាផងដែរ លើការពិចារណាអភិវឌ្ឍប្រព័ន្ធបាញ់ស្ទាក់មីស៉ីល នៅអំលុងកិច្ចប្រជុំមួយរវាងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) និងរដ្ឋមន្រ្តីការពារជាតិ លោក ឡយ អូស្ទីន (Lloyd Austin) ជាមួយសមភាគីជប៉ុនរបស់ពួកគេ គឺរដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ុស៉ីម៉ាសា ហាយ៉ាស៉ិ (Yoshimasa Hayashi) និង​រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក យ៉ាស៊ូកាហ៊្សុ ហាម៉ាដា (Yasukazu Hamada)។

គួរបញ្ជាក់ថា ប្រសិនបើសេចក្តីរាយការណ៍ខាងលើជាការពិត នោះវានឹងជាកិច្ចសហប្រតិបត្តិការទី២ហើយពាក់ព័ន្ធ​បច្ចេកវិទ្យាការពារមីស៉ីលរវាងអាមេរិកនិងជប៉ុន។ កន្លងមក ទីក្រុងវ៉ាសុីនតោននិងទីក្រុងតូក្យូ បានរួមគ្នាអភិវឌ្ឍមីសុីលរយៈចម្ងាយឆ្ងាយមួយ ដែលរចនាឡើងសម្រាប់បាញ់ក្បាលគ្រាប់មីស៉ីលនៅក្នុងទីអវកាស ដែលជប៉ុនកំពុងតែបំពាក់លើនាវាចម្បាំងរបសខ្លួន នៅដែនសមុទ្រចន្លោះប្រទេសជប៉ុននិង​ឧបទ្វីបកូរ៉េ ដើម្បីការពារប្រឆាំងនឹងការវាយប្រហារដែលអាចកើតឡើង ពីសំណាក់ប្រទេសកូរ៉េខាងជើង៕

ប្រភព៖ Fresh News

Share.

Comments are closed.